អ្នកស្លាប់ក្នុងករណីបាក់សំណង់អគារនៅខេត្តព្រះសីហនុកើនដល់ ១៧នាក់ និងអ្នករងរបួស២៤នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2019 ក+ ក-

 

ដោយ ៖ សុត្ថារ៉ា

ព្រះសីហនុ ៖ ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើនៅតែបន្តរហូតដល់រំលងអធ្រាត្រថ្ងៃទី២២ ឈានចូលដល់ថ្ងៃទី២៣ ខែមិថុនា នេះ ដោយក្រុមសង្គ្រោះបានរកឃើញមនុស្ស ៣នាក់ទៀត ដែលក្នុងនោះ២នាក់បានស្លាប់ ហើយក្មេងស្រី១នាក់ នៅរស់រានមានជីវិត ឈ្មោះ អ៊ុន ណេង អាយុ១៦ឆ្នាំ ជាអ្នកស្រុកសំបូរ ខេត្តក្រចះ ហើយត្រូវបានទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

គិតត្រឹមម៉ោង ១ រំលងអាធ្រាត្រ ឈនចូលថ្ងៃទី ២៣ ខែមិថុនា នេះ ក្រុមសង្គ្រោះបានរកឃើញ អ្នក ស្លាប់ចំនួន ១៧នាក់ ក្នុងនោះមានប្រុស១២នាក់ ស្រី៥នាក់។ ចំណែកជនរងរបួសកើនដល់ ២៤នាក់ ក្នុងនោះមានប្រុស២២នាក់ និងស្រី២នាក់ ។

រហូតមកទល់វេលាទៀបភ្លឺថ្ងៃទ២៣ មិថុនា នេះ កម្លាំងសង្គ្រោះបានធ្វើការស្វះស្វែងរកជនរងគ្រោះបន្តទៀត ទោះបីនៅតំបន់នោះមានភ្លៀងធ្លាក់ បង្កការលំបាកបែបណាក៏ដោយ។

តាមលិខិតប្រកាសពត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ម្ចាស់ការដ្ឋានមានឈ្មោះ CHEN KHUN ភេទប្រុសអាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់ពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុសអាយុ ៦៥ឆ្នាំជន ជាតិខ្មែរ ដែលម៉ៅការសាងសង់ដោយក្រុមហ៊ុន ឈ្មោះ XI GANG TANG GONG YOU JI HAISAO មានថៅកែម៉ៅការសាងសង់ ឈ្មោះ DENG XING GUI ភេទប្រុសអាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារ ឈ្មោះ AGO YU ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង៤ ជាជនជាតិចិន បច្ចុប្បន្នត្រូវបានសមត្ដកិច្ចនាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំលម្អិតពីករណី នេះ ហើយដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសតាមរយៈ Facebook ផេក ផ្លូវការ ថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោដនាដកម្មបាក់អគារនៅខេត្ត ព្រះសីហនុ គឺ ជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬ ស្វាមី ឬកូន ឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិការជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់ ៤០លាន រៀល (សែសិបលានរៀល) ឬ១ម៉ឺនដុល្លា (10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ ត្រូវទទួល បានការព្យាបាលដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន ៥ លានរៀល (ប្រាំលានរៀល)»។

ជាមគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ឯកឧត្តម ប៊ិន ឈិន ឧបនាយរដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែង ថវិការនេះ ជូនបងប្អូន។ សម្តេចតេជោ បានបញ្ជាក់ថា «យប់នេះខ្ញុំនៅបន្តតាមដានការងាររុករក និងសង្រ្គោះ ជាមួយបងប្អូនតទៅទៀត»៕ĵ