សម្តេច ហ៊ុន សែន ចុះពិនិត្យផ្ទាល់ការរុករកជនរងគ្រោះក្រោមផ្ទាំងថ្មនៃអគារបាក់រលំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2019 ក+ ក-

ដោយ ៖ សហការី

ព្រះសីហនុ ៖ ក្រោយចូលរួមបេសកកម្មរុករកអ្នករងគ្រោះដោយសារបាក់រលំអគារ ព្រឹកថ្ងៃទ២៤ ខែមិថុនា នេះ អ្នកស្លាប់កើនដល់ ២៤នាក់ហើយ ខណៈក្រុមសង្គ្រោះនកំពុងបន្តការស្វែងមនុស្សដែលសង្ស័យថា នៅមានជនរងគ្រោះនៅសេសសលនៅឡើយ។

នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅសម្រាកហើយ បន្ទាប់ពីបានធ្វើដំណើរតាមរថយន្តមកកាន់ទីតាំងអគារ៧ជាន់ នៅខេត្តព្រះសីហនុ ទាំងយប់ ក្រោយពីបានវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៣ មិថុនា នេះ។

ការអញ្ជើញមកទាំងយប់របស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះនិងលើកទឹកចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអាគារបាក់រលំសង្កត់កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។

សម្តេចតេជោ មានប្រសាសន៍តាមរយៈហ្វេសប៊ុកផេកថា “ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចមានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសព ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារជនរងគ្រោះផងដែរ” ។

សូមបញ្ជាក់ថា ក្រុមប្រតិបត្តិការសង្គ្រោះ បានឲ្យដឹងថា គិតត្រឹមម៉ោង ៦៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ ចំនួនអ្នកស្លាប់កើនដល់ ២៤នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស ២នាក់ទៀត ដែលជាអ្នករស់នៅឯខេត្តព្រៃវែង បានស្លាប់ក្នុងគំនរបាក់បែកនៃអគារនោះ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩នាក់ ហើយក្នុងនោះស្លាប់ចំនួន២៥នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៤រូប(ស្រី ២ នាក់)គិតត្រឹមម៉ោងព្រឹក ថ្ងៃទី ២៤ ខែមិថុនា នេះ។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត ៕