​ដកលោក យន្ត មីន ដាក់លោក គួច ចំរើន និងដកលោក ញឹម វណ្ណដា ដោយសារនិយាយភូត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2019 ក+ ក-

ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រកាសលាលែងចេញពីតំណែងពីអភិបាលខេត្តព្រះសីហនុ ហើយ ក្រោយពីឧបទ្ទវហេតុរលំបាក់អគារកម្ពស់ ៧ជាន់ បណ្តាលឲ្យមនុស្សជាច្រើននាក់បានបាត់បង់ជីវិត និងេបួស។ ទន្ទឹមនឹងនេះ សម្តេចតេជោ នាយរដ្ឋមន្ត្រី ក៏បានប្រកាសដកតំណែងទេសរដ្ឋមន្ត្រី និងពីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ លោក ញឹម វណ្ណដា ដោយសារខ្វះការ ទទួលខុសត្រូវ និងភូតភរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លាលែងចេញពីតំណែង ក្រោយពីលោក បានស្នើសុំទៅសម្តេចតេជោ។ ការឈានទៅដល់ការលាលែងពីតំណែងជា ភិបាលខេត្តព្រះសីហនុ នៅពេលនេះ គឺពាក់ព័ន្ធទៅនឹងរឿងរលំបាក់អគារកម្ពស់៧ជាន់ សម្លាប់មនុស្សចំនួនជាង ២០នាក់ និងរបួសជាង ២០នាក់កាលពីថ្ងៃទី២២ ខែមិថុនា។

បើតាមសំណេរនៅលើហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ មិថុនានេះ បានបញ្ជាក់ថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។

សម្តេចបានបញ្ជាក់ថា «ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ»។ ទោះជាមានការរៀបចំបែបនេះក៏ដោយ ក៏ លោក យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសម្រេចចិត្តដក លោក ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ផងដែរ ដោយមូលហេតុថា លោកខ្វះការទទួលខុសត្រូវ និងភូតភរ៕