ស្អែកនេះ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពេញអង្គអនុម័តសេចក្តី ព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2019 ក+ ក-

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំ ពិនិត្យ និង ពិភាក្សាគ្នា ទៅសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៥ ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គពិនិត្យ និងអនុម័តនៅក្នុងសម័យប្រជុំលើកទី៣ និតិកាលទី៤ នៅថ្ងៃស្អែកនេះ ជាពិសេស សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រេងកាត និង ការផលិតប្រេងកាត។

អ្នកនាំពាក្សព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ ឲ្យដឹងនៅក្រោយ កិច្ចប្រជុំនេះថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹកនេះ បានកំណត់យក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បន្តសម័យប្រជុំរបស់ខ្លួន ដើម្បី ពិនិត្យ និងសម្រេច ទៅលើសេចក្តីព្រាងច្បាប់សំខាន់ៗ ដែល គណៈកម្មាធិការ ព្រឹទ្ធសភាបានស្នើឡើង។

លោក ម៉ម ប៊ុននាង បញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាតនិងការផលិតប្រេងកាតនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការផ្តល់ផលប្រយោជន៍ជូនសង្គមជាតិ ជាពិសេស នៅពេលដែលកម្ពុជាទទួលបានប្រេងកាត វានឹងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត។

លោកបន្តថាកិច្ចប្រជុំលើកទី៣នោះដែរ ក៏នឹងពិនិត្យ ពិភាក្សា និងអនុម័ត ទៅលើសេចក្តី ព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង រវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស សហភាពអារ៉ាប់អេមីរ៉េត និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីដើម្បីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ។

ក្រៅពីនេះ កិច្ចប្រជុំព្រឹទ្ធសភា ក៏នឹងអនុម័ត ទៅលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើត អង្គការ បណ្តាញ អន្តរជាតិ សម្រាប់ ឬស្សី និង ផ្តៅ របស់កម្ពុជាផងដែរ៕