បញ្ជូនចោរលួចរថយន្តម៉ាកហ្វ័រេនជ័រម្នាក់ ទៅតុលាការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2019 ក+ ក-

 

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសក្នុងអំពើលួចយករថយន្តមួយគ្រឿងម៉ាក FORD RANGER PICK UPពណ៌ ទឹកប្រាក់ ឆ្នាំផលិត២០១៨។

 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ផាន់ ឌីណា អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែកស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯកឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ៣០នាទីរសៀល នៅចំណុចផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៤រសៀល មានករណីជនសង្ស័យបានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AV 0100 នៅចំណុចផ្ទះលេខ១២ បូរីប៉េងហួត ផ្លូវលេខ១៥ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ ក្រោយពីម្ចាស់រថយន្តមកដាក់ពាក្យបណ្តឹង ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើនាំយកទៅឲ្យតុលាការចាត់ការតែម្តង៕