សម្តេច ហ៊ុន សែន ប្រកាសឈប់ទទួលជំនួយឧបត្ថម្ភគ្រោះបាក់អគារកម្ពស់៧ជាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2019 ក+ ក-

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឈប់ទទួលជំនួយពីសប្បុរសជនសម្រាប់ជួយដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុដួលរលំអគារនៅក្នុងខេត្តព្រះសីហនុហើយ ដែលបូកសរុបថវិកាពីសប្បុរសជនចាប់តាំងពីយប់ថ្ងៃទី២៣ ខែមិថុនា មកដល់ថ្ងៃបិទបញ្ចប់នេះ មានចំនួនជាង ២,៥លានដុល្លារអាមេរិក។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នៅលើ Facebook យប់មិញនេះ ថា ក្នុងស្មារតីអាណិតស្រឡាញ់សម្រាប់បងប្អូនជនរងគ្រោះដែលបណ្តាលមកពីការរលំអាគារ៧ជាន់នៅខេត្តព្រះសីហនុ សប្បុរសជនបានបន្តចូលរួមដោយគិតត្រឹមម៉ោង ៦ល្ងាចថ្ងៃ២៧ ខែមិថុនានេះ ថវិកាបានកើនឡើងពី ២,៣៦៨,៤០០ដុល្លារ ដល់ ២,៥១២,៨២១ដុល្លារ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ថវិកាទាំងអស់នេះ ៣០ម៉ឺនដុល្លារ ត្រូវបានឧបត្ថម្ភទៅជនរងគ្រោះដែលរងរបួស។ ថវិកាសល់ពីឧបត្ថម្ភដល់អ្នករងរបួស ត្រូវបានយកទៅឧបត្ថម្ភដល់គ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត។ ថវិកាសប្បុរសជនដែលចូលរួមតាមការអំពាវនាវរបស់សម្តេចតេជោ ឧបត្ថម្ភដល់ក្រុមគ្រួសារសពទាំង២៨ ក្នុងមួយសព ៧៩,០០១ដុល្លារ (នៅសល់ ៣២សេន)។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា បូករួមទាំងថវិកាដែលជាព្រះរាជនូបត្ថម្ភរបស់ព្រះមាហាក្សត្រ និងព្រះមហាក្សត្រីយ៍ជាទីគោរពសក្តារៈ, ថវិកាឧបត្ថម្ភពីរដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល, កាកបាទក្រហម និងសប្បុសជនចូលផ្ទាល់ផងនោះ អ្នកស្លាប់មួយនាក់ទទួលបានថវិកាឧបត្ថម្ភជាង ៩មុឺនដុល្លារ ឬជិត ៤០០លានរៀល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមតាមការអំពាវនាវរបស់សម្តេច ដើម្បីជួយដោះស្រាយការលំបាករបស់ជនរងគ្រោះ ក៏ដូចជាគ្រួសារជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្រាប់កម្លាំងចូលរួមប្រតិបត្តិការរុករក និងសង្គ្រោះក្រោមការបញ្ជាផ្ទាល់នៅហ្នឹងកន្លែងពីសំណាក់លោក យន្ត មីន ត្រូវបានវាយតម្លៃខ្ពស់និងកោតសរសើរពីគ្រប់ទិសទី។ ក្រៅពីផ្តល់នូវមេដាយមាសមួយគ្រឿងម្នាក់ហើយនោះ សម្តេចឧបត្ថម្ភថវិកាប្រមាណ ២០០ដុល្លារសម្រាប់អ្នកជួយសង្គ្រោះជាបុរស និង២០០ដុល្លារសម្រាប់នារី។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកម្លាំងជួយសង្គ្រោះជនរងគ្រោះទាំងយប់ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តព្រះសីហនុ បានបញ្ចប់សាររបស់សម្តេចថា «ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕