លោក ឱម យ៉ិនទៀង ៖ អ្នកទាំង៦ បានសារភាពថាពិតជាបានក្លែងឯកសារយកដីកោះរ៉ុងមែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2019 ក+ ក-

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងនៅគ្នុង សន្និសីទកាសែតថា នៅថ្ងៃទី២៨ ខែមិថុនានេះ លោកឧកញ៉ា សុខ ប៊ុន អគ្គនាយកក្រុមហ៊ុន សុខ ប៊ុនគ្រុប និងមនុស្សមួយចំនួនទៀតបានទទួលស្គាល់ការក្លែងបន្លំឯកសាររំលោភយកដីរដ្ឋនៅ សង្កាត់ កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ការរំលោភយកដីរដ្ឋដោយខុសច្បាប់នៅកោះរ៉ុង គឺមានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយករណីនេះ ACU បានរកឃើញដោយការស៊ើបអង្កេត។ ក្នុង នោះដីដែលលោក សុខ ប៊ុន រំលោភយក គឺមានទំហំ ៥២៥ ហិកតា ដោយមានជាប់ពាក់ព័ន្ធនឹង ប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងសមាជិកក្រុមប្រឹក្សាផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នេះ លោក ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានពន្យល់យ៉ាងលម្អិត និងបានបង្ហាញឯកសារចំនូន៥ ជូនសាធារណដល់ក្រុម អ្នកសារេព័ត៌មានផងដែរ។

សូមជម្រាបថា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជ ធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន៥នាក់ផ្សេងទៀត ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនពាក់ព័ន្ធការរំលោភ ដីខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលដើមចមរឿងហេតុដែលឈាន ដល់ការឃាត់ខ្លួនមនុស្សទាំងឡាយាំង៦នាក់នេះ គឺផ្តើមចេញពីជម្លោះរវាងប្រជាពលរដ្ឋចំនួន ៤២គ្រួសារជាមួយលោក សុខ ប៊ុន រឿងដីចំនួន ៥២៥ហិកតា។

រីឯមនុស្សចំនួន៥នាក់រួមមាន លោក អ៊ុង និត ជាប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង, លោក សេង ហូលាង ជាចៅសង្កាត់កោះរ៉ុង, លោក ហែម សាឡេះ ជាសមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង, លោក កែ សោម ជាចៅសង្កាត់រងទី២ និងលោក កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុង កោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានចោទប្រកាន់ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត , វីតិក្រម, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅសង្កាត់ កោះរ៉ុង កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ យោងតាមមាត្រា ៥៩២, មាត្រា ៥៩៣, មាត្រា ៦០១, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ៕