ពីរខែនេះ ខេត្តបន្ទាយមានជ័យផ្ទុះជំងឺគ្រុនឈាមជាង ១ពាន់ករណី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2019 ក+ ក-

បន្ទាយមានជ័យ ៖ ខណៈជំងឺគ្រុនឈាមបានកើតឡើងយ៉ាគំហុកគួរឲ្យព្រួយបារម្ភនោះ គេសង្កេត ឃើញមន្រ្តីសុខាភិបាលខេត្តបន្ទាយមានជ័យ រួមនិងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហការគ្នា ចុះមានវិធានការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ដោយកម្លាំងនាំគ្នាចូលរួមសម្អាតអនាម័យ បរិស្ថាន តាមទីធ្លាសាលារៀន ការចុះផ្សព្វផ្សាយ អប់រំឲ្យយល់ដឹងពីជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ, ការ បាញ់ ថ្នាំ និងចែកថ្នាំអាល់បែត កំចាត់មូសខ្លា ភ្ញាក់ងារចម្លងមេរោគគ្រុនឈាម ។

មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល ក៏បានប្រកាសឲ្យប្រជាពល រដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺគ្រុនឈាម ជាពិសេសទៅលើកុមារ គ្រាដែលជំងឺគ្រុនឈាម បានផ្ទុះខ្លាំង នៅដើមឆ្នាំ២០១៩ នេះ ។

លោកវេជ្ជបណ្ឌិត កែវ សុភក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៩ ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ខេត្តបន្ទាយមានជ័យជំងឺគ្រុនឈាម បាន ផ្ទុះ ខ្លាំងចាប់ពី ខែឧសភា រហូតដល់ចុង ខែមិថុនា មានអ្នកជំងឺជាង១ពាន់នាក់ នោះហើយបាន កើតជំងឺគ្រុនឈាម ។ ករណីជំងឺគ្រុនឈាមមិនទាន់មានការថយចុះនៅឡើយនោះទេ ជំងឺនេះ នៅ តែអាចបន្តកើនឡើងសម្រាប់នៅខេត្តបន្ទាយមានជ័យ ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ទៀតថា ក្នុងចំណោមអ្នកជំងឺជាង១ពាន់ នាក់ ដែលភាគច្រើនកើតឡើងទៅលើកុមារ ចំណែកមនុស្សចាស់មានតែ១ភាគរយប៉ុណ្ណោះ ។
លោកថា នៅឆ្នាំ២០១៩ជំងឺគ្រុនឈាម កើតនៅខេត្តបន្ទាយមាមជ័យ មានភាពចម្លែកដោយសារ តែតំបន់ដែលពុំធ្លាប់កើតមានជំងឺគ្រុនឈាម បែរជាកើតជំងឺគ្រុនឈាម ដែរ ចំណែកតំបន់ដែលធ្លាប់ កើតមានកាលពីមុន បែរជានៅឆ្នាំនេះ ពុំមានកើតជំងឺគ្រុនឈាម ទៅវិញ ។

លោក កែវ សុភក្រ្តា ថ្លែងថា បច្ចុបបន្នមន្រ្តីសុខាភិបាល ក៏បានចែកថ្នាំអាល់បែត ជូនប្រជាពលរដ្ឋ យកដាក់ក្នុងពាងទឹកក្នុងអាងទឹក និងបាញ់ថ្នាំកំចាត់មូស នៅតាមតំបន់ដែលកំពុងផ្ទុះជំងឺគ្រុនឈាម មិនតែប៉ុណ្ណោះមន្រ្តីសុខាភិបាល ក៏បានចុះទៅផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យមានការ ប្រុងប្រយ័ត្ន ពីជំងឺគ្រុនឈាម ដោយដេកដាក់មុងត្រឹមត្រូវ និងត្រូវពាក់អាវដៃវែង ខោជើវែង ការពារ កុំឲ្យមូស ខ្លាខាំ ។

ជុំវិញនៃការព្រួយបារម្ភជំងឺគ្រុនឈាម និងចូលរួមចាត់វិធានការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម គេ សង្កេតឃើញកម្លាំងនគរបាលខេត្តបន្ទាយមានជ័យប្រមាណជាង៨០០នាក់ដឹកនាំផ្ទាល់ដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា បានចុះសម្អាតអនាម័យបរិស្ថាន ដើម្បីសុខភាពសិស្ស និងទប់ស្កាត់ជំងឺគ្រុនឈាមចំនួន២៣សាលា រៀន ក្នុងក្រុងសិរីសោភ័ណ។

គួរជម្រាបថា ឆ្នាំនេះជំងឺគ្រុនឈាមបាន និងកំពុងកើតឡើងនៅខេត្តបន្ទាយមានជ័យ មានការកើន ឡើងជាង១ពាន់ករណីស្មើ និងអ្នកជំងឺជាង១ពាន់នាក់ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានករណី ស្លាប់ ដោយជំងឺគ្រុនឈាមនៅឡើយទេ ៕