នាយករដ្ឋមន្ត្រីកម្ពុជា នឹងទៅប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោកនាទីក្រុងហ្សឺណែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2019 ក+ ក-

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំនៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ( WTO ) នាទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ស្តីពី«​ត្រួតពិនិត្យ​ឡើងវិញ ជា​សកល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» ដែល​នឹង​ប្រព្រឹត្តទៅពីថ្ងៃទី​៣ ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ខាងមុខ។

(​ រូបតំណាង )

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៨ មិថុនា បានឱ្យដឹងថា តប​តាម​ការអញ្ជើញ​របស់​លោក រ៉ូបឺតូ អា​ហ្សេ​វេដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)  សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ និងត្រូវបាន​អញ្ជើញឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ ដែល​ក្នុង​ឱកាស​នោះ សម្តេចនឹង​គូសបញ្ជាក់​ពី​បទ​ពិសោធន៍ក្នុងកិច្ចខិតខំប្រឹងប្រែង និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុងការ​ជម្នះ​ឧបស័គ្គ​នានាដែល​នាំមក​នូវ​កំណើន​សេដ្ឋកិច្ច​គួរឱ្យ​កោតសរសើរ​របស់ប្រទេស​កម្ពុជា ។​

​សេចក្តីប្រកាសដដែលបញ្ជាក់ថា ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឡើងថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​នឹង​ផ្តល់​សារសំខាន់ និង​ច្បាស់លាស់​មួយ ដែលឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សម្តេចតេជោ នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា ឆ្នាំ​២០១៩-២០២៣ ហើយក្រៅពីនោះ សម្តេចតេជោ ក៏នឹង​ថ្លែង​សុន្ទរកថា នៅក្នុង​កម្មវិធី​សង្គមដែល​រៀបចំ​ដោយអង្គការ​ពាណិជ្ជកម្ម​ពិភពលោកផងដែរ។

គួរជម្រាបថា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត ក្នុងរាជរដ្ឋាភិបាលផងដែរ៕