ឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ និងអាប៉ោង ដោយទាំងអ្នកកាសែតនិងទីប្រឹក្សាក្រសួងម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2019 ក+ ក-

ដោយ ៖ ស  ស

ភ្នំពេញ ៖ មនុស្សយ៉ាងតិច៩នាក់ ក្នុងនោះមានម្នាក់ជាទីប្រឹក្សាក្រសួងមហាផ្ទៃផងដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងជល់មាន់ និងបាញ់អាប៉ោងធំមួយកន្លែង នៅចំណុចដីឡូតិ៍ព្រៃស្មៅ (ទុកចោល) ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ។

មន្ត្រីនគរបាលបានរាយការណ៍ថា ដំបូងឡើយកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចដីឡូតិ៍ព្រៃស្មៅ (ទុកចោល) ក៏ប្រទះឃើញជនសង្ស័យជាច្រើននាក់ កំពុងលេងល្បែងស៊ីសងខុសច្បាប់ ឃើញដូចនោះសមត្ថកិច្ចបានចូលទៅឡោមព័ទ្ធ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់។

មន្ត្រីនគរបាលដដែលបានបញ្ជាក់ទៀតថា មនុស្សទាំង៩នាក់ដែលឃាត់ខ្លួននោះរួមមាន ទី១៖ឈ្មោះ ទិត វិចិត្រ អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន, ទី២៖ឈ្មោះ ឡុង តារ៉ា អាយុ៣៧ឆ្នាំ មុខរបរជាងកញ្ចក់, ទី៣៖ឈ្មោះ គឹម ង៉ែតសុពល អាយុ៦២ឆ្នាំ មុខរបរទីប្រឹក្សាក្រសួងមហាផ្ទៃ, ទី៤៖ឈ្មោះ ហូ ផល អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន, ទី៥៖ឈ្មោះ សឿន សុង អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី, ទី៦៖ឈ្មោះ មោក យ៉េន អាយុ៣៦ឆ្នាំ អ្នកកាសែតពិភពថ្មីព័ត៌មាន, ទី៧៖ឈ្មោះ ឈួន រ៉ាឈូ អាយុ៥៣ឆ្នាំ អ្នកកាសែតវីរៈសែនជ័យ, ទី៨៖ឈ្មោះ គ្រង រដ្ឋា អាយុ៤៨ឆ្នាំ អ្នកកាសែតសង្គ្រោះប្រជាពលរដ្ឋខ្មែរស្នេហាជាតិ និងទី៩៖ឈ្មោះ គឹម សាវិត អាយុ២៩ឆ្នាំ អ្នកកាសែតអំណាចខ្មែរ។ ទន្ទឹមនោះសម្ភារៈជាវត្ថុតាំងមួយចំនួនក៏ត្រូវបានរិបអូសនៅក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ៕