កូរ៉េ គ្រោងបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រសម្ផស្សកម្រិតស្ដង់ដាជាតិនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2019 ក+ ក-

ដោយ ៖ ផានូរ៉ាត់

ភ្នំពេញ ៖ សមាគមដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ បានបង្ហាញពីគោលបំណងបង្កើតមជ្ឈមណ្ឌល ផ្នែកវិទ្យាសាស្ត្រសម្ផស្ស កម្រិតស្ដង់ដាជាតិដំបូងគេនៅកម្ពុជា ដើម្បីផ្ដល់ការអប់រំ បណ្ដុះបណ្ដាលជំនាញ កែសម្ផស្ស ដល់យុវជន ប្រកបដោយគុណភាព ប្រសិទ្ធភាព ធានានូវសុវត្ថិភាព ដល់អតិថិជននៅកម្ពុជា ក៏ដូចជាក្នុងតំបន់។

គម្រោងនេះ ត្រូវបានស្នើឡើងនៅក្នុងជំនួបពិភាក្សា ការងារ រវាង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូ សមាគមអន្តរជាតិអប់រំ ក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយ លោក Harry Hwang នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។

លោក ឡៅ ហ៊ីម អនុរដ្ឋលេខាធិការ ក្រសួងការងារបានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនោះថា សមាគមអន្តរជាតិអប់រំ ក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូង ចង់វិនិយោគលើការបង្កើត មជ្ឈមណ្ឌលស្ដង់ដាជាតិ ផ្នែកវិទ្យាសាស្ត្រសម្ផស្ស ដោយសារ តែលោកបានមើលឃើញ សក្ដានុពលលើវិស័យសម្ផស្សនៅកម្ពុជា កំពុងមានភាពផុសផុល ដែលអាចបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាលក្ខណៈអន្តរជាតិ លើវិស័យនេះ។

លោក Harry Hwang អះអាងថា សមាគមរបស់លោក បាននិងកំពុងដំណើរការ ប្រកបដោយភាពជោគជ័យលើវិស័យកែសម្ផស្សនេះ នៅជុំវិញពិភពលោក ដោយក្នុងនោះ សមាគមមានស្ថាប័នជាសមាជិក ជាច្រើននៅតាមបណ្ដាប្រទេសមួយចំនួន ដូចជាកូរ៉េខាងត្បូង ជប៉ុន ហុងកុង អូស្ត្រាលី នូវែលសេឡង់ កាណាដា អាមេរិកជាដើម។

យ៉ាងណាលោកសុំការអនុញ្ញាតពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបង្កើតឱ្យមានគម្រោងវិនិយោគខាងលើនេះ ដោយលោកបានសន្យាថា នៅពេលគម្រោងនេះ អាចដំណើរការទៅបានពិតមែន ប្រជាពលរដ្ឋកម្ពុជានិងប្រជាជនក្នុងតំបន់ នឹងទទួលបានសេវាកម្មកែសម្ផស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ជាពិសេស ផ្តល់ការបណ្ដុះបណ្ដាលដល់ ដល់យុវជនកម្ពុជាឱ្យមានចំណេះនិងជំនាញនេះ ពិតប្រាកដ និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ជាមួយគ្នានោះ លោក បណ្ឌិត អ៊ិត សំហេង បានបង្ហាញនូវការស្វាគមន៍ និងគាំទ្រគម្រោង នៃការបង្កើតមជ្ឈមណ្ឌលនេះយ៉ាងពេញទំហឹង ដោយឯកឧត្តមរដ្ឋមន្ត្រី ធានានូវការផ្ដល់អាជ្ញាបណ្ណ ជូនមជ្ឈមណ្ឌល ដើម្បីប្រតិបត្តិការការងារនេះដោយស្របច្បាប់នៅកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យការបើកដំណើរការ មជ្ឈមណ្ឌលស្ដង់ដាជាតិ ផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា នឹងទទួលបាននូវការចាប់អារម្មណ៍ ព្រមទាំងឆ្លើយតប នឹងទីផ្សារសេវាកម្មកែសម្ផស្ស នាពេលបច្ចុប្បន្ន ពីព្រោះសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរីកចម្រើន កំណើនជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ដូច្នេះការស្វែងរកសេវាកម្មកែសម្ផស្សក៏ចេះតែមានតម្រូវការជាលំដាប់ផងដែរ។

​លោកបញ្ជាក់ថា បើគម្រោងនេះ អាចដំណើរការទៅបានពិតមែនកម្ពុជានិងសាធារណរដ្ឋកូរ៉េ នឹងសម្រេចបាននូវកិច្ចសហប្រតិបត្តិការថ្មីមួយទៀត រួមចំណែក ក្នុងការពង្រឹងទំនាក់ទំនងរវាង ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕