ចិនគ្រោងធ្វើសមយុទ្ធយោធាមួយសប្តាហ៍នៅទីក្រុងហុងកុង ខណៈទីក្រុងនេះដុតរោលដោយបាតុកម្
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2019 ក+ ក-

ចិន ៖ រដ្ឋបាលក្រុងប៉េកាំង រៀបចំធ្វើសមយុទ្ធយោធារយៈពេលមួយសប្តាហ៍នៅក្នុងទីក្រុង ហុងកុង ស្របពេលទីក្រុងហុងកុង កំពុងជួបប្រទះរលកនៃបាតុកម្មប្រឆាំងរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់កាសែតមួយដែលមានទំនាក់ទំនងជាមួយកងទ័ពនៅក្នុងប្រទេសចិន។

កងទ័ពរំដោះប្រជាជនចិន (PLA) បានរក្សាកម្លាំងនៅក្នុងទីក្រុងហុងកុងចាប់តាំងពីអតីតអាណានិគម អង់គ្លេសមួយនេះត្រូវបានប្រគល់ឲ្យទីក្រុងប៉េកាំងនៅឆ្នាំ១៩៩៧ ប៉ុន្តែកងទ័ពរបស់ខ្លួនមិនសូវជាបង្ហាញមុខទេហើយកម្រត្រូវបានគេឃើញ ស្លៀកពាក់ឯកសណ្ឋានជាសាធារណៈណាស់។

សមយុទ្ធយោធារបស់អង្គភាពនេះមិនបានទាក់ទាញការយកចិត្តទុកដាក់ច្រើន ទេកាលពីអតីតកាល។ប៉ុន្តែកាសែតដែលជាប់ពាក់ព័ន្ធនឹង PLA បានចេញផ្សាយរូបថតនៃសមយុទ្ធយោធារយៈពេលមួយសប្តាហ៍មួយកាលពីថ្ងៃ អង្គារពោលគឺមានរយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមអ្នកតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យបានសម្រុកចូលសភារបស់ទីក្រុងហុងកុងហើយបាន បន្សល់ទុកនូវសារប្រឆាំងចិននៅលើជញ្ជាំងដើម្បីជាការបង្ហាញកំហឹងមិន ធ្លាប់មានពីមុនមក។

ការប្រមូលផ្តុំគ្នាដ៏ធំសម្បើមបានបង្កចលាចលក្នុងទឹកដី ពាក់កណ្តាលស្វយ័តមួយនេះចាប់តាំងពីខែមុនមកដែលបង្កឡើងដោយការ ប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឲ្យមានការធ្វើ បត្យាប័នទៅចិនដីគោក។

កាសែត PLA Daily បាននិយាយនៅលើគណនី Weibo របស់ខ្លួនថា សមយុទ្ធរួមគ្នាកាលពីថ្ងៃពុធមុនដែលមានការចូលរួមពីកងកម្លាំងជើងគោក កងទ័ពជើងទឹកនិងកងទ័ពអាកាសគឺមានគោលបំណងពិនិត្យឡើងវិញនិងបង្កើន សមត្ថភាពប្រយុទ្ធរបស់អង្គភាពនេះក្នុងគ្រាមានអាសន្ន។

លោក Ni Lexiong នៃវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិក្រុងស៊ាងហៃបាននិយាយថា “គោលបំណងនៃសមយុទ្ធនេះគឺបង្ហាញយ៉ាងជាក់ស្តែង។ វាគឺដើម្បីព្រមានដល់ការប៉ុនប៉ងឯករាជ្យរបស់ហុងកុងនិងដើម្បី បង្អាក់ការជ្រៀតជ្រែកពីបរទេសនៅក្នុងកិច្ចការហុងកុង”។លោកអះអាងថា “ប្រសិនបើរឿងរ៉ាវកើតឡើងក្នុងកម្រិតកាន់តែខ្លាំងហើយប្រសិនបើ រដ្ឋាភិបាលក្រុងហុងកុងមិនអាចដោះស្រាយស្ថានភាពបានទេនោះ រដ្ឋាភិបាលកណ្តាលអាចនឹងប្រើទ័ព”៕