នំបញ្ចុក និងបង្អែមខ្មែរដាក់ទទួលភ្ញៀវសមាជិកអង្គការ WTO នៅក្រុងហ្ស៊ឺណែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2019 ក+ ក-

ស្វីស ៖ អង្គការពាណិជ្ជកម្មពិភពលោកទទួលទានសាមគ្គីរួមគ្នា ក្នុងកម្មវិធីវប្បធម៌ និងសង្គមនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីយប់ថ្ងៃទី៣ ខែកក្កដា នេះ។

នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្រ្ត និងក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សង្គម និងវប្បធម៌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់នៃប្រទេសជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក អញ្ជើញពិសារនំបញ្ចុក និងបង្អែមប្រពៃណីជាតិខ្មែរ ដែលរៀបចំដោយអ្នកចុងភៅមកពី ប្រទេសកម្ពុជា និងប្រជាពលរដ្ឋនៅសហភាពអឺរ៉ុប។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងអ្នកចូលរួមទាំងអស់ បានភ្លក្សនូវរសជាតិនំបញ្ចុក និងបង្អែមប្រពៃណីជាតិខ្មែរ មានរសជាតិឆ្ងុយឆ្ងាញ់ ដែលជាមោទនភាពជាតិខ្មែរ ។
វត្តមាននៃការបង្ហាញនំបញ្ចុក និងបង្អែមខ្មែរនាពេលនេះ គឺកាន់តែធ្វើឲ្យ អន្តរជាតិកាន់តែស្គាល់នូវប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ ពីរបៀបរបបនៃ ការរស់នៅ និងការអាហាររបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងចំណាយពេលមួយថ្ងៃទៀត ដើម្បីស្នាក់នៅ និងជួបសំណេះសំណាលជាមួយពលរដ្ឋនៅស្វីស និងនៅប្រទេសអឺរ៉ុបផ្សេងទៀត ដើម្បីរិតចំណងសាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរ នៅឯនាយសមុទ្រ ជាមួយថ្នាក់ដឹកនាំកំពូលរបស់ជាតិ៕