ឃុំចំនួន៤ របស់ស្រុកស្អាងខេត្តកណ្តាល ត្រូវកាត់ចូលក្នុងរដ្ឋបាលក្រុងតាខ្មៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2019 ក+ ក-

ខេត្តកណ្តាល ៖ ឃុំចំនួន៤ របស់ស្រុកស្អាង ត្រូវបានកាត់ចូលក្រុងតាខ្មៅ ក្នុងនោះមានឃុំស្វាយរលំ ឃុំកោះអន្លង់ចិន ឃុំសិត្បូ ឃុំរការខ្ពស់ និងដីមួយផ្នែកនៃស្រុកកណ្តាលស្ទឹង ត្រូវបានធ្វើការប្រកាសកែសម្រួលព្រំប្រទល់រវាងរដ្ឋបាលក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលមានប្រសាសន៍ថា ការកែសម្រួលព្រំប្រទល់រវាងរដ្ឋបាល នៅពេលនេះធ្វើឡើងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលលេខ០៩អនក្របក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលព្រំប្រទល់រវាងរដ្ឋបាលក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល ។

លោកបន្តថា សង្កាត់ទាំង៤ដែលធ្វើការកាត់បញ្ចូល ក្នុងក្រុងតាខ្មៅនៅពេលនេះ នឹងមានការអភិរឌ្ឍន៍ ដូចសង្កាត់ទាំង៦របស់ក្រុងតាខ្មៅ ដោយឯកឧត្តមបានត្រៀមថវិកាមួយចំនួនក្នុងការអភិវឌ្ឍន៍ ក្នុងនោះឯកឧត្តមបានផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា ការអភិវឌ្ឍន៍ ទឹក ភ្លើង ផ្លូវ និងមនុស្ស។

ហើយសង្កាត់ថ្មី ៤នេះ ត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួនក្នុងរបៀបធ្វើការពីឃុំមកសង្កាត់។ ចំពោះស្រុកស្អាង ត្រូវបំពេញកិច្ចការដែលនៅសល់អោយហើយអស់ ហើយប្រសិនបើឯកសារនោះមានរយៈពេលយូរ ត្រូវធ្វើការផ្លាស់ប្ដូរ និងផ្ទេរទៅឲ្យក្រុងតាខ្មៅដើម្បីធ្វើការអនុវត្តបន្ត ពិសេសការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ កុំអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

លោកក៍បានលើកឡើងពីបញ្ហាការយកសួនច្បារសាធារណៈ ទីកន្លែលំហែកាយហាត់ប្រាណ និងចិញ្ចើមផ្លូវធ្វើការប្រកបរបររកស៊ីផ្សេងៗ ដែលមានភាពអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ បាត់បង់សោភ័ណ្ឌភាពទីក្រុង និងមានការ រិះគន់ពីប្រជាពលរដ្ឋ។
ឯកឧត្តមបានស្នើឲ្យសង្កាត់ទាំងអស់ត្រូវធ្វើការរៀបចំ នៅតាមចិញ្ចើមផ្លូវក៏ដូចជាទីធ្លាសាធារណៈសួនច្បារ ធ្វើការលក់ដូរឱ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដោយមិនត្រូវយកទីធ្លាសាធារណៈក៍ដូចជាសួនច្បារ និងសួនលំហែកាយហាត់ប្រាណធ្វើជាកន្លែងប្រកបរបររកស៊ីនោះឡើយ។

លោកក៍បានស្នើឲ្យអាជ្ញាធរក្រុងតាខ្មៅក៏ដូចជាមន្ទីរពាក់ព័ន្ធ ពិសេសគណៈកម្មការអភិវឌ្ឍន៍ក្រុងតាខ្មៅ ត្រូវធ្វើការសិក្សារកទីតាំង បង្កើតវិថីម្ហូបអាហារ ដើម្បីឱ្យប្រជាពលរដ្ឋប្រករបររកស៊ីនៅទីនោះ ដោយមានសណ្តាប់ធ្នាប់របៀបរៀបរយ ព្រោះទីក្រុងតាខ្មៅគឺជា សមាជិកនៃទីក្រុងទេសចរណ៍អាស៊ាន ហើយទីក្រុងតាខ្មៅត្រូវធ្វើខ្លួនដើម្បីប្រកួតប្រជែងនៅក្នុងទីក្រុងអាស៊ាន ដោយមិនមែនជាទីក្រុងមួយដែលមានភាពអាណាធិបតេយ្យ មិនមានសណ្ដាប់ធ្នាប់ របៀបរៀបរយនោះទេ ហើយទីក្រុងតាខ្មៅនេះដែរក៍មានការប្រកួតប្រជែងជាមួយទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អផងដែរ៕