សិទ្ធិមនុស្ស UN ត្រៀមផ្តល់កិច្ចសហការផ្នែកបច្ចេកទេសលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ ខែកក្កដា បានជួបពិភាក្សាការងារជាមួយ លោក ជំទាវ មីឆែល បាឆេឡេត (Michelle Machelet) ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិ មនុស្ស។សម្តេចតេជោ បានបញ្ជាក់ប្រាប់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សថា រាជរដ្ឋាភិ បាល ទទួលយកអនុសាសសន៍១៧៣ រីឯ២៥ទៀត រាជរដ្ឋាភិបាលកម្ពុជាគ្រាន់តែធ្វើការកត់សម្គាល់ តែ ប៉ុណ្ណោះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជាបានធ្វើការងារ ចប់សព្វគ្រប់ ហើយជាមួយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយក្នុងចំណោម ប្រទេសចំនួន៧៣ ដែលបានផ្តល់អនុសាសន៍ចំនួន១៩៨ ដល់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលទទួល យក១៧៣ រីឯ២៥ទៀត រាជរដ្ឋាភិបាលកម្ពុជាគ្រាន់តែធ្វើការកត់សម្គាល់តែប៉ុណ្ណោះ។

សម្តេចតេជោ បញ្ជាក់ថា កន្លងមកនេះមានការលាបពណ៌ដល់ប្រទេសកម្ពុជាដោយរូបភាពផ្សេងៗ ប៉ុន្តែអ្វីដែលកម្ពុជានៅតែធ្វើលើការងារអភិវឌ្ឍន៍ ការប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ការការពារនិង លើកតម្កើងសិទ្ធិមនុស្ស។លោកជំទាវឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទួលស្គាល់ និងដឹងថាអ្វីដែលសម្ដេចតេជោ បានធ្វើ និងដឹកនាំប្រទេសកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង ជា ពិសេសសិទ្ធិផ្នែកសេដ្ឋកិច្ច សង្គម របស់ប្រជាពលរដ្ឋ។

លោកជំទាវបញ្ជាក់ឲ្យដឹងថា របាយការណ៍ នៅក្នុងការត្រួតពិនិត្យប្រចាំឆ្នាំនេះ នឹងចេញនៅថ្ងៃសុក្រនេះ ហើយលោកជំទាវបានលឺថា ប្រទេស កម្ពុជាបានទទួលយកនៃអនុសាសន៍ជាច្រើន ដែលបានលើកឡើងកន្លងទៅនេះ។ លោកជំទាវ បាន គូសបញ្ជាក់ថា ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការ បច្ចេកទេស ដល់រាជរដ្ឋាភិបាល បើសិនមានតម្រូវការ។

លោកជំទាវមានប្រសាសន៍ថា ការិយាល័យឧត្តមស្នង ការ សិទ្ធិមនុស្សនឹងផ្តល់នូវអ្វីដែលកម្ពុជាត្រូវការ។ ការិយាល័យរបស់លោកជំទាវ ត្រៀមក្នុងការ ជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសក្នុងការធ្វើរៀបចំ និងការពិនិត្យមើលឡើងវិញ នៅពាក់ កណ្ដាលអាណត្តិ នៃរបាយការណ៍នេះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ឆ្នាំកន្លងទៅនេះយើងបាន ចុះកិច្ចព្រមព្រាងជា មួយគ្នាបន្ដអាណត្តិ នៃការិយាល័យសិទ្ធិមនុស្សនៅប្រទេសកម្ពុជា រយៈពេល២ឆ្នាំ។ សម្ដេចបានគូសបញ្ជាក់ថា ដើម្បីចៀសវាងការបារម្ភ យើងចុះហត្ថលេខាទៅលើកិច្ចព្រមព្រាងនេះ រៀងរាល់ពីរឆ្នាំម្ដង ដើម្បីកុំឲ្យមានកង្វល់។សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា នៅពេលណាគេ និយាយអំពីសិទ្ធិមនុស្សនៅប្រទេសកម្ពុជាកាន់តែច្រើនសម្ដេចតែងតែស្វាគមន៍អំពីតម្រូវការសិទ្ធិ មនុស្ស ជាមួយយើងតែម្ដង។ កន្លងមកនេះ សម្តេចបានធ្វើការងារជាច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍ និងការពារលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

ថ្មីៗនេះ សម្តេចបានធ្វើសកម្មភាព ដើម្បីជួយដល់ស្ត្រី ដែលមានក្តីក្តាំ ដោយបានបង្កើតក្រុមមេធាវី ត្រៀមជួយការពារក្តីជូនពួកគេដោយឥតគិតថ្លៃ។ សម្តេចតេជោបានបញ្ជាក់ថា សម្តេចបានបង្កើនថវិកាជាតិសម្រាប់ក្រសួងកិច្ចការនារីក៏ដូចជាក្រសួង យុត្តិធម៌សម្រាប់ធ្វើការងារជួយដល់សំណុំរឿងរបស់ស្ត្រី ដែលខ្វះមេធាវី៕