អាជ្ញាធរជំរុញបញ្ចប់ការសាងសង់ច្រាំងទន្លេ និងសួនច្បារថ្មីក្រុងកំពង់ចាម នៅមុនទឹកទន្លេឡើងខ្លាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2019 ក+ ក-

ដោយ ៖ សហការី

ខេត្តកំពង់ចាម ៖ ទឹកទន្លេមេគង្គបានចាប់ផ្តើមហក់ឡើងបន្តិចម្តងៗ ក្រុមកម្មករវិញ កំពុងតែមមាញឹកនាំគ្នាសាងសង់ច្រាំងទន្លេមានប្រវែង១៧០ម៉ែត្រ ត្រង់មុខសណ្ឋាគារមេគង្គ រហូតដល់កំពង់ដរ រង់ចាំ ស្ថិត នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលគ្រោង និងចំណាយថវិការប្រមាណ១,៦លានដុល្លារ ។

លោក អ៊ុ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប្រាប់ឲ្យដឹងថាៈនៅក្នុងរដូវវស្សាឆ្នាំ២០១៨កន្លងទៅច្រាំងទន្លេ ត្រង់មុខសណ្ឋាគារមេគង្គ បានបាក់ស្រុត ដោយសារតែនៅក្នុងដី មិនមានប្រព័ន្ធរំដោះទឹក ហើយមកដល់រដូវប្រាំងក្នុងឆ្នាំ២០១៩ ក្រុមបច្ចេកទេសរបស់ក្រសួងធនធនទឹក បានចុះមកសិក្សា និងបានដាក់កម្លាំងចុះសាងសង់ថ្មីឡើងវិញ ។

លោកប្រធានមន្ទីរធនធានទឹកខេត្តប្រាប់បន្តថា មកដល់ល្ងាចថ្ងៃទី០៥ កក្កដា ២០១៩ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តអមដំណើរដោយសហការីជាច្រើននាក់បាន អញ្ចើញចុះមក ពិនិត្យ ការសាងសង់ច្រាំងទន្លេ ដែលសំរេចបានប្រមាណ៤០ភាគរយ ហើយបានជម្រុញឲ្យជាងខិតខំ ធ្វើយ៉ាងណាឲ្យបានឆាប់រួចមុនទឹកទន្លេឡើងមកដល់។ ខឿនជើងទេរ នៅខាងក្រោម ប្របនឹងទឹកទន្លេ នោះ ត្រូវបានចាក់រួចរាល់ ដោយមានសរសបេតុងចាក់ចូលទៅក្នុងដីជំរៅ ១២ម៉ែត្រ និងបន្តបន្ទាប់ រហូតដល់ទៅ ២០ម៉ែត្រមានរហូតដល់ទៅ៣ថ្នាក់ ។ បើគិតពីខែកក្កដា ដូចគ្នា នឹងឆ្នាំកន្លងទៅ ទឹក ទន្លេបានហក់ឡើងយឺត ដោយសារតែនៅផ្នែកខាងលើមានវ់ារីអគ្គីសនីរួមផ្សំផង។

ទោះបីជាបែបនេះក្តី ក្រុមជាងនិងអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹកបានប្តេជ្ញាខិតខំធ្វើយ៉ាងណាប្រឹងប្រែងការងារនេះ ឲ្យរួចរាល់មុនទឹកឡើងមកប្រៀបច្រាំងនាពេលដ៏ខ្លីខាងមុខ ។ លោកថា ការធ្វើនេះ មានការយកចិត្ត ទុកដាក់ណាស់ ដោយបានធ្វើអាងចំរោះទឹកក្នុងដីដើម្បីឲ្យទឹកហូរចាក់ចូលទៅក្នុងទន្លេ តាមបំពង់ទុយ យោរ ធំមួយ ដែលប្រើថវិកាសរុបប្រមាណ១,៦លានដុល្លារ ។

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងដែរថា បន្ទាប់ពីបានអញ្ចើញពិនិត្យមើលការ សាងសង់ច្រាំងទន្លេមេគង្គរួចមក ក៏បន្តមកពិនិត្យមើលសួនច្បារថ្មីមាត់ទន្លេ ចាប់ពីត្រង់ចំនុចក្រោម ស្ពានគីហ្ស៊ុណា ដល់កំពង់សាឡាងចាស់ ដែលរហូតមកដល់ពេលនេះ សាងសង់បានប្រមាណជិត៧០ ភាគរយហើយ សួនច្បារថ្មីនេះ មានកន្លែងហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ធ សម្រាប់បង ប្អូន ប្រជាពលរដ្ឋទូទៅ៕