វិស័យសំណង់ ​និងអចលនទ្រព្យនៅកម្ពុជា កើនឡើងយ៉ាងគំហុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2019 ក+ ក-

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ នេះ មានគម្រោងវិនិយោគលើវិស័យសំណង់ចំនួន ៤៥ពាន់ ២៦៥គម្រោង ក្នុងនោះ ទុនវិនិយោគមានប្រមាណ ៤៤ពាន់ ៥៧៦លានដុល្លារអាមេរិក។ ដោយឡែក ក្នុងអំឡុងឆ្នាំ២០០៨ ទុនវិនិយោគមានចំនួន ៥ពាន់ ២៥៨លានដុល្លារអាមេរិក និង បានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជា ២០ម៉ឺននាក់។ នេះជាការលើកឡើងរបស់ ​លោក  ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងសន្និ សីទ សារព័ត៍មានស្តី ពីគោលការណ៍គ្រប់គ្រងបច្ចេកទេសសំណង់នៅកម្ពុជា ដែលរៀបចំឡើង ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃសុក្រ ទី៥ ខែកក្កដា កន្លងទៅនេះ។

លោក ប៊ិន សម្បត្តិថារ័ត្ន បានបន្ថែមថា មកទល់ពេលនេះ យើងសង្កេតឃើញថា គម្រោង អគារ ខ្ពស់ដែលមានចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ១៣២៩អគារ ហើយចំពោះបុរីលំនៅដ្ឋាន ឬក៏ជា បណ្តុំនៃលំនៅដ្ឋានដែលមានលក្ខណៈជាបុរីមានទីតាំងសរុបចំនួន ២៥៨ទីតាំង។

លោកអនុរដ្ឋលេខាធិការបានលើកឡើងថា ទំហំទីក្រុងកាន់តែរីកធំ ទីក្រុងកំរិត២ កំរិត៣ កាន់តែ រីកលូតលាស់ រួមជា មួយនឹងទីក្រុងដែលស្ថិតនៅតាមបណ្តាព្រំដែនប្រទេសជិតខាងដូចជា ទីក្រុង ប៉ោយប៉ែត ទីក្រុងបាវិត ជាដើម ដែលជាមួយគ្នានេះក៏ទាមទារឱ្យមានការកសាង នូវហេដ្ឋារចនា សម្ព័ន្ធមាន ផ្លូវថ្នល់ ស្ពាន និង សេវាកម្មក្នុងទីក្រុងទាំងនោះជាច្រើនផងដែរ ដែលសមិទ្ធផលទាំង អស់នេះគឺកើតចេញពីកត្តានៃសុខ សន្តិភាព ស្ថិរភាពនយោបាយពេញលេញ ដែលបានមកពីការ ដឹក នាំប្រកបដោយភាពឆ្លាតវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី មានន័យថា សុខសន្តិភាព និង ស្ថិរភាពគឺជាគ្រឹះដ៏រឹងមាំនៃសំណង់ និង នគរូបនីយកម្ម បើគ្មានសុខសន្តិភាព គ្មានស្ថិរភាព គឺគ្មាន អគារ ណាមួយអាចឈរជើងជាប់បានទេ កុំឡើយវាមានគ្រឹះជម្រៅណាក៏ដោយ ជាឧទាហរណ៍ ចម្បាំង នៅមជ្ឈឹមបូព៌ា អគារប្រណីតៗបានក្លាយ ជាគំនរផេះផង់ដោយសារតែសង្គ្រាមគឺជាតឹកតាង ស្រាប់៕