ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ទើរគ្រប់កន្លែងនៅខេត្តព្រះសីហនុ រងការខូចខាតយ៉ាងគំហុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2019 ក+ ក-

​ដោយ ៖ សុត្ថារ៉ា

ខេត្តព្រះសីហនុ ៖ ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុក ក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ បញ្ហាផ្លូវក្នុងក្រុងស្ទើរគ្រប់កន្លែង ក៏កំពុងតែខូចខាតយ៉ាងដំណំ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន មានការរអ៊ូរទាំ និងរិះគន់ធ្ងន់ៗ តាមបណ្តាញសង្គមផងដែរ។

សកម្មភាពចុះត្រួតពិនិត្យផ្លូវថ្នងដែលកំពុងរងការខូចខាតយ៉ាងដំណំនេះត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០១៩ ដែលបានដឹកនាំដោយ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកអីុសុខឡេង អភិបាលក្រុងព្រះសីហនុ និងលោក ណុបហេង ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តព្រះសីហនុ រួមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធនៃមន្ទីរនានានៅក្នុងខេត្ត ទាំងអស់ផងដែរ។

ទន្ទឹមនេះអាជ្ញាធរក្រុង-ខេត្តព្រះសីហនុ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក៏កំពុងតែមានក្តីកង្វល់យ៉ាងខ្លាំង និងបានជួបប្រជុំពិភាក្សាគ្នារកដំណោះស្រាយជាបន្តបន្ទាប់។ដោយសារទំហំ នៃការខូចខាតផ្លូវ នានានៅក្នុងក្រុងព្រះសីហនុ យើងត្រូវ ការចំណាយថវិកាជួសជុល ក៏មានទំហំធំសម្បើម ខណៈខ្ទង់ថវិកាក្នុ្ងងការជួសជុលឡើងវិញនៅមានកម្រិត។ ជារៀងរាល់ថ្ងៃ បើទោះជាមានភ្លៀងធ្លាក់មិនឈប់ឈរ ក៏ក្រុមការងារបានធ្វើសកម្មភាពជួលជុលទាំងហាលភ្លៀងហាលខ្យល់ ទោះណាជាមិនអាចបំពេញចិត្តអ្នកប្រើប្រាស់ផ្លូវថ្នល់បានជាទីគាប់ចិត្តក្តី។

ទាក់ទងនឹងបញ្ហានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា ចំពោះមុខនេះលោកបានជម្រុញឲ្យមន្ទីរសាធារណការ ជួសជុលផ្លូវដែលកំពុងរងការខូចខាតទាំងនោះជាបន្ទាន់ ដើម្បីឲ្យពលរដ្ឋអាចធ្វើចរាចរណ៍បាន។
នៅពេលរាំងភ្លៀងនឹងរៀបចំជួសជុលឡើងវិញទៀត ព្រោះពេលនេះភ្លៀងសើមជោគជាំពេកមិនអាចធ្វើកើត សូមឲ្យសាធារណជនមានការយោគយល់។

ជាមួយនេះ លោកអភិបាលខេត្ត ក៏បានទទួលស្គាល់ចំពោះការរិះគន់ដើម្បីស្ថាបនារបស់ពលរដ្ឋ តែក្នុងនោះមានបុគ្គលខ្លះ បានរិះគន់ដោយមានចរិតវាយប្រហារតាមមនោគតិទុច្ចរិត ទាំងមិនបានយល់ច្បាស់អំពីស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ គ្រានេះមានភ្លៀងធ្លាក់ខ្លាំងស្ទើររាល់ថ្ងៃ ហើយអ្នកបច្ចេកទេស មិនអាចធ្វើការជួសជុលឲ្យមានគុណភាពបានទេ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានបញ្ជក់ថា មូលហេតុនាំឲ្យផ្លូវខូចស្ទើរគ្រប់កន្លែងបែបនេះណ្តាលមកពីមូលហេតុ៖

ទី១៖ ផ្លូវចាស់មានអាយុកាលជាង១០ឆ្នាំទៅហើយ វាដល់អាយុកាលត្រូវធ្វើឡើងវិញទាំងអស់
ទី២៖ ឆ្នាំនេះមានភ្លៀងធ្លាក់ឥតឈប់ធ្វើឲ្យផ្លូវកាន់តែពុកផុយដូចក្រណាត់ចាស់អញ្ចឹង
ទី៣៖ ខេត្តព្រះសីហនុមានការអភិវឌ្ឍគំហុកពេក ការដឹកជញ្ជូនក៏កើនគំហុកទាំងយប់ទាំងថ្ងៃ ទាំងដឹកគ្រឿងសំណង់ ដឹកដី ដឹកបេតុង ជាដើម ហើយដឹកធ្ងន់ទៀតផង។

លោក ណុប ហេង បន្ថែមថា តាមការប៉ាន់ប្រមាណផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើឲ្យល្អឡើងវិញត្រូវការថវិកាច្រើនណាស់ រហូតខ្ទង់លានដុល្លារ។ ចំពោះថវិការបស់ខេត្តនៅមានកម្រិត មិនអាចធានាការជួសជុលបានទាំងអស់ឡើយ។ ដើម្បីដោះស្រាយបញ្ហានេះបាន លោក ណុប ហេង យល់ឃើញថា មានតែថ្នាក់ជាតិ គឺរាជរដ្ឋាភិបាលប៉ុណ្ណោះទើបអាចដោះបាន។តែសព្វថ្ងៃនេះ មន្ទីរក៏បានធ្វើការជួសជុលជាលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ។

ការធ្វើរាល់ថ្ងៃទាំងហាលភ្លៀងបែបនេះ មិនអាចធានាគុណភាពប្រើប្រាស់បានយូរអង្វែងឡើយ គ្រាន់តែដោះបញ្ហាចំពោះមុខប៉ុណ្ណោះ។ ទោះជាបែបនេះក្តី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញជំហរថា នឹងខិតខំដោះស្រាយ ស្តារ និង កែលម្អរ ផ្លូវថ្នល់ និង ប្រព័ន្ធលូ រំដោះទឹកភ្លៀងនានានៅក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុ ឲ្យបានប្រសើរឡើងវិញនៅពេលខាងមុខនេះ៕