ចាប់ឧកញ៉ាជួញដូរឈើ ស៊ឹង សំអុល និងគ្នីគ្នា៣នាក់ រឹបអូសរថយន្ដចម្រុះជាង៤០គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2019 ក+ ក-

មណ្ឌលគិរី ៖ សមត្ថកិច្ចនៃកងរាជអាវុធហត្ថ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការនៅតំបន់មួយចំនួនក្នុងខេត្តមណ្ឌលគិរី ក្នុងរូបភាពទ្រង់ទ្រាយធំ ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿង ផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់ថា លទ្ធផលក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងអាវុធហត្ថបានចាប់ខ្លួនមនុស្ស៤នាក់ ដែលមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ និងអ្នកបើករថយន្ត ព្រមទាំងរថយន្ដជាង៤០គ្រឿង។

លោក ថា រថយន្ដល្មើសផ្សេងទៀត ត្រូវបានឈ្មូញយកទៅលាក់ទុកនៅក្នុងព្រៃ ហើយនៅពេលនេះកម្លាំងជំនាញ កំពុងរុករកយ៉ាងក្ដៅគគុក។ លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ទៀតថា រថយន្ដដែលសមត្ថកិច្ចរកឃើញនៅក្នុងព្រៃនឹងបំផ្លាញចោលនៅទីនោះតែម្ដង។
អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឲ្យក្រុមឈ្មួញដែលពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ៕