៣ខែចុងក្រោយនេះ សមត្ថកិច្ចបានចាប់ការនាំចូលលុយគ្មានប្រភពច្បាស់លាស់ជាង១០លានដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2019 ក+ ក-

ភ្នំពេញ ៖ ជាលើកទី៣ ហើយដែលមន្រ្តីគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិន៣នាក់ ដោយសារនាំលុយចូលចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ បន្ទាប់ពីចាប់ខ្លួនជនជាតិកូរ៉េ២នាក់ ជាមួយនឹងប្រាក់ជាង២លានដុល្លារនៅព្រលានយន្តហោះខេត្តសៀមរាបកាល ពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ និងចាប់ខ្លួនជនជាតិចិន ៣នាក់ផ្សេងទៀត រួមនិងលុយ ៣,៥លានដុល្លារ នៅព្រលានយន្តហោះភ្នំពេញ។

នេះជាករណីរឹបអូសសាច់ប្រាក់នាំចូលខុសច្បាប់ផ្ទួនៗគ្នា ជាតុល្យការធ្វើឲ្យចំនួន ទឹកប្រាក់ដែលរឹបអូសបានកើនឡើងដល់ជាង១០លានដុល្លារអាមេរិក ក្នុងការបង្រ្កាបការនាំចូលលុយខុសច្បាប់ក្នុងរយៈពេល៣ខែចុងក្រោយនេះ។

ជនជាតិចិន៣នាក់ ដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួនដោយដកហូតបានលុយ ៩០ ម៉ឺនដុល្លារ នៅល្ងាចថ្ងៃទី០៩កក្កដាគឺមានឈ្មោះ Huang Canming អាយុ២៧ឆ្នាំ ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ។ អ្នកទាំងពីរធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខណៈឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ ជាអ្នកមកចាំទទួលនៅភ្នំពេញ។

ប្រាក់ដែលជន សង្ស័យ ដាក់ក្នុងកាបូបយួរដៃចំនួន៣ គឺមានចំនួន ៩០ម៉ឺនដុល្លារ ដោយមន្ដ្រីគយ និងរដ្ឋាករ បញ្ជាក់ថា ជាប្រាក់ដែលមិនមានប្រភពច្បាស់លាស់ ដូចគ្នាទៅចម្លើយរបស់ជនដែលត្រូវបានចាប់ខ្លួនកាលពីលើកមុនៗដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែកក្កដា សមត្ថកិច្ចកម្ពុជានៅព្រលានយន្ដហោះខេត្តសៀមរាប ក៏បានចាប់ខ្លួនជនជាតិកូរ៉េ២នាក់ ជាមួយទឹកប្រាក់ជាង២លានដុល្លារ មកពីទីក្រុងហុងកុងផងដែរ៕