រដ្ឋមន្រ្តីការទូត ផ្តល់អនុសាសន៍ដល់និស្សិតកម្ពុជាដែលជាប់អាហារូបករណ៍សិក្សានៅជប៉ុន ឆ្នាំ២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2019 ក+ ក-

ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ ២០១៩ បានអនុញ្ញាតឲ្យនិស្សិតកម្ពុជាចំនួន២៤នាក់ ដែលបានប្រឡងជាប់អាហារូបករណ៍ក្រោមគម្រោង JDS របស់រដ្ឋាភិបាលជប៉ុន ហើយត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

លោក ឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះនិស្សិតទាំង២៤នាក់ ដែលប្រឡងជាប់អាហារូបករណ៍ ដើម្បីសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៩នេះ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានចែករំលែកដល់និស្សិតអាហារូបករណ៍ នូវចំណេះដឹង និងព័ត៌មានមួយចំនួន ទាក់ទងនឹងប្រជាជន និងប្រទេសជប៉ុន ដែលធ្លាប់រងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមពីអតីតកាល ហើយអាចអភិវឌ្ឍក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣លើពិភពលោកនាពេលបច្ចុប្បន្ន ក៏ព្រោះតែមានការរួមចំណែកយ៉ាងធំធេងពីធនធានមនុស្ស។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន ប្រទេសជប៉ុន ក្រោមកម្មវិធី JICA Japanese Scholarship JDS បានទទួលនិស្សិត ក៏ដូចជាមន្ត្រីរាជការពីក្រសួង/ស្ថាប័នរដ្ឋ ចំនួន៤៤០នាក់ ដើម្បីទៅបំពេញការសិក្សានៅប្រទេសជប៉ុន។ ក្នុងឆ្នាំ២០១៨កន្លងមក ជប៉ុនបានតំឡើងចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ដល់ទៅ២៦នាក់ ក្នុងមួយឆ្នាំ ដោយ ២៤កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) និង២កន្លែង សម្រាប់ថ្នាក់បណ្ឌិត។

ដោយឡែក និស្សិតកម្ពុជាទាំងអស់ ដែលបានចេញទៅសិក្សានៅប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០០១ មកដល់សព្វថ្ងៃ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញចំនួន ៣៦៨នាក់ហើយ (ស្រ្តី ៧២នាក់) ដោយ៧២នាក់ទៀត កំពុងបន្តការសិក្សានៅប្រទេសជប៉ុននៅឡើយ។ សម្រាប់ឆ្នាំ២០១៩នេះ និស្សិតដែលទទួលបានអាហារូបករណ៍ JDS មានចំនួន ២៦នាក់ (២៤នាក់ថ្នាក់ Master និង ២នាក់ថ្នាក់បណ្ឌិត) ហើយក្នុងចំណោមនិស្សិតទាំង២៤នាក់ នៅក្នុងជំនួបសំណេះសំណាលនាព្រឹកនេះ ក៏មានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន ១នាក់ផងដែរ៕