អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ និងព្រះវិហារ បើកសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2019 ក+ ក-

ខេត្តកំពង់ធំ ៖ ទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយ ចាក់ទឹកលាយល័ក្ខ និងមេស្ករ មួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាប និងបិទផ្អាកសកម្មភាពផលិតជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីរកឃើញថា មិនអនុលោមតាមបទដ្ឋានបច្ចេកទេស។ ម្ចាស់ទីតាំងសិប្បកម្មនេះឈ្មោះ លឹម ភ័ណ្ឌ បច្ចុប្បន្នមានឋានៈជាអនុប្រធានសភាពាណិជ្ជកម្មកំពង់ធំ និងព្រះវិហារ បានរត់គេចខ្លួនបាត់។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងផលិតទឹកក្រូច ក្លែងក្លាយខាងលើ ក្រោមការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដោយលោកព្រះរាជអាជ្ញារង ដួង សារ៉ន លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋានរួមទាំងសមត្ថកិច្ចអធិការក្រុងស្ទឹងសែន ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ( គ.ប.ផ.ក) ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ក្រោយពីសមត្ថកិច្ចបង្ក្រាបទីតាំងផលិតទឹកក្រូចខាងលើ ម្នាក់ៗភ្លឺភ្នែក និងហួសចិត្តមិននឹកស្មានដល់ទឹកក្រូចរបស់សិប្បកម្ម លឹម ភ័ណ្ឌ ចាក់ទឹក ដាក់ល័ក្ខ ដាក់មេស្ករកូរ បង្ហូរច្រកដបបន្លំលក់ចែកចាយគ្រប់ច្រកល្ហក ឲ្យអ្នកស្រុកស្រែចំការ សិស្សសាលាទទួលទាន មិនដឹងប៉ះពាល់សុខភាពដល់កម្រឹតណានោះទេ។ រឿងរ៉ាវដែលគួរឲ្យហួសចិត្តទៀតនោះគឺ ម្ចាស់សិប្បកម្ម មិនមែនរាស្ត្រសាមញ្ញឯណា តួនាទីអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ព្រះវិហារ ទៅទៀត។

លោក លឹម ភ័ណ្ឌ ដែលជាម្ចាស់សិប្បកម្មខាងលើ មិនអាចទំនាក់
ទំនងដើម្បីសុំការពន្យល់បានទេ នៅរសៀលថ្ងៃទី១១ ខែកក្កដា នេះ។
មជ្ឈដ្ឋានទូទៅ បានបានរំពឹងថា សមត្ថកិច្ចនឹងចាត់វិធានការយ៉ាងតឺងរ៉ឹងតាមផ្លូវ ដោយគ្មានការលើកលែងឡើយ៕