បារាំងអនុម័តច្បាប់យកពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក រួមមាន Google និង Facebook
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2019 ក+ ក-

ប៉ារីស ៖ ច្បាប់ស្ដីពីការយកពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ក្នុងនោះរួមមានទាំង Google និង Facebook ត្រូវបានព្រឹទ្ធសភាបារាំងអនុម័តហើយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះ បើទោះបីជាមានការ ព្រមានចាត់វិធានការពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។

គួរគម្រាបថា កាលពីខែមីនា កន្លងទៅ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយថា បារាំងអាចនឹងប្រមូលពន្ធ ៣ភាគរយ ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៣០ ដែល រកប្រាក់ចំណូលប្រចាំឆ្នាំបានច្រើនជាង ៨៤៤លានដុល្លារ ក្នុងនោះរួមមានទាំងក្រុមហ៊ុន Facebook, Google, Apple និង Amazon ជាដើម។

សារព័ត៌មាន Sputnik បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះថា ច្បាប់ស្ដីពីការយកពន្ធខាងលើ ត្រូវបានអនុម័តដោយព្រឹទ្ធសភាបារាំង និងកើតមានឡើងតែមួយថ្ងៃ ប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យមានការស៊ើបអង្កេតលើ គម្រោងយកពន្ធរបស់រដ្ឋាភិបាលបារាំង ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលគេគិតថា អាចនឹងបង្កទៅជាជម្លោះពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ៕