នាយករដ្ឋមន្ត្រីបញ្ជាឲ្យចុះផ្ទាល់ ខណៈផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកយ៉ាងគំហុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2019 ក+ ក-

​ដោយ ៖​ សុត្ថារ៉ា

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានដាក់បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យផ្ទាល់ដល់ទីតាំងដែលកំពុងកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា បន្ទាប់ពីមានជ្រូកងាប់រាប់ពាន់ក្បាល នៅក្នុងខេត្តចំនួន៥ របស់កម្ពុជា។នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកក្កដា នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ណែនាំដល់បណ្ដាខេត្ត ដែលមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក សូមចុះពិនិត្យតាមដានដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា»។ មកដល់ពេលនេះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកើតមាននៅខេត្តចំនួន៥ហើយរបស់កម្ពុជា រួមមាន៖ រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងកណ្តាល។ ជ្រូកជាង២ពាន់ក្បាលហើយត្រូវបានសម្លាប់ និងងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។

ក្រោយពីមានការផ្ទុះឡើងនូវជំងឺនេះ ក្រសួងកសិកម្មបានចេញសារាចរណែនាំ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តទូទាំងប្រទេស និងបណ្តាខេត្តជាប់ព្រំដែន ត្រូវតែមានការទទួលខុសត្រូវខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺ និងអនុវត្តវិធានការឲ្យបានជាក់លាក់ និងម៉ត់ចត់។

លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«បញ្ហាផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក» កាលពីថ្ងៃទី១១ ខែកក្កដាថា កន្លងមកលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ប្រសិនបើមានការណែនាំហើយ តែមន្ត្រីទាំងនោះនៅតែបើកឲ្យមានការនាំចូលជ្រូកពីប្រទេសជិតខាង ដោយមិនបានត្រួតពិនិត្យត្រឹមត្រូវ នឹងត្រូវដកចេញពីតំណែង៕