សមត្ថកិច្ច កំពុងស៊ើបរកមន្ត្រីមួយក្រុមដែ​លបើកឲ្យនាំជ្រូកចូលខុសច្បាប់ពីវៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2019 ក+ ក-

​ដោយ ៖ ផានូរ៉ាត

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា មន្ត្រីជំនាញកំពុងស៊ើបអង្កេតករណីមន្ត្រី ដែលបានកាងឱ្យឈ្មួញនាំជ្រូកខុសច្បាប់ពីប្រទេស វៀតណាម ចូលមកកម្ពុជា ដោយបានអំពាវនាវ ឲ្យពលរដ្ឋរាយការណ៍ពីមន្ត្រី ដែលអនុញ្ញាតឲ្យមានការនាំជ្រូកចូលខុសច្បាប់ ស្របពេលជំងឺប៉េស្ដជ្រូកអា្រហ្វិកនេះកំពុងបន្តរាលដាលដល់ខេត្តកណ្ដាល បន្ទាប់ពីផ្ទុះឡើងនៅខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការ គណៈរដ្ឋមន្ត្រី ពីថ្ងៃម្សិលមិញ លោក ផៃ ស៊ីផាន រដ្ឋ មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការនាំពាក្យ រាជរដ្ឋាភិបាល បានបញ្ជាក់ថា មានមនុស្សមួយក្រុមស្លៀកពាក់ជាឯកសណ្ឋានមន្ត្រី បានគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនគិតអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំឡើយ។ ពួកគេបានអនុញ្ញាតឱ្យមានការលួចនាំជ្រូកចូលខុសច្បាប់ពីប្រទេស វៀតណាម ដែលករណីនេះលោកចាត់ទុកថា អាចធ្វើឱ្យប៉ះពាល់សុខុមាលភាពសាធារណៈនិងមុខរបរចិញ្ចឹមជ្រូកនៅ កម្ពុជា។

លោកបន្តថា ការស៊ើបអង្កេតនេះ បន្ទាប់ពីទទួលបានព័ត៌មានទាក់ទងនឹងមន្ត្រីយោធា ១ក្រុម បានអនុញ្ញាតឱ្យនាំជ្រូកខុសច្បាប់ពីប្រទេស វៀតណាម ចូលតាមខេត្តស្វាយរៀង ដោយរំលោភលើសារាចរណែនាំរបស់ក្រសួងកសិកម្ម។

លោក ផៃ ស៊ីផាន បានអំពាវនាវឱ្យពលរដ្ឋ ជាពិសេសអ្នករស់នៅតាមច្រករបៀងតាមព្រំដែន ចូលរួមរាយការណ៍អំពីមន្ត្រីដែលអនុញ្ញាតឱ្យមានការនាំចូលជ្រូក ខុសច្បាប់ពីប្រទេសជិតខាង ជាពិសេសពីប្រទេស វៀតណាម តាមរយៈការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក៕