ឃុំខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួកពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2019 ក+ ក-

ដោយ ៖ បូរិន្ទ

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ តុលាការខេត្តមណ្ឌលគិរី បនសម្រេចឃុំខ្លួនឧកញ៉ា ស៊ឹង សំអុល និងគ្នីគ្នាចំនួន៣នាក់ បន្ទាប់ពីបានចាប់ខ្លួនដោយរកឃើញថា ពាក់ព័ន្ធបទនឹងល្មើសព្រៃឈើនៅក្នុងខេត្តមួយនេះយ៉ាងធ្ងន់ធ្ងរ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វណ្ណដា បាន បញ្ជាក់ថា លោក ស៊ឹង សំអុល និងមនុស្សមួយចំនួនត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នក្រោមបទចោទប្រកាន់ចំនួន ៤បទល្មើស ពាក់ព័ន្ធបទល្មើសបំផ្លាញព្រៃឈើ។

សូមរំលឹកថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតាមចំណុចសំខាន់ៗក្នុងខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុនមួយ និងមេការ២នាក់ រួមទាំងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដចម្រុះជាង ៤០គ្រឿងផងដែរ។

នៅបន្ទាប់ពីប្រតិបត្តិការរឹបអូសរថយន្តដឹកឈើល្មើសច្បាប់ទាំងជាង៤០គ្រឿងរួចមក សមត្ថកិច្ចបានសម្រេចដុតកម្ទេសចោលរថយន្តចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ នៅនឹងកន្លែងតែម្តង ដោយសារពិបាកក្នុងការនាំចេញមកក្រៅ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា ៕