មន្ទីរសុខាភិបាលខេត្តកោះកុង បន្តយុទ្ធនាការបាញ់ថ្នាំបំបាត់ជម្រកមូសខ្លាប្រឆាំងជំងឺគ្រុនឈាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2019 ក+ ក-

ដោយ ៖ ផានូរ៉ាត

ខេត្តកោះកុង ៖ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ថា អត្រា ជំងឺគ្រុនឈាម រយៈពេល៦ខែដើមឆ្នាំ២០១៩ នៅក្នុងខេត្តកោះកុងនេះ មានអត្រា ខ្ពស់រហូតដល់ ៦៩០ ករណីហើយមានកុមារស្លាប់ម្នាក់ដែលជាអ្នករស់នៅតាមកោះដាច់ស្រយ៉ាល។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ជាប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹង ថា ក្រោយពីពិនិត្យ ទៅលើរបាយការណ៍នៅគ្រប់មន្ទីរពេទ្យឃើញថា ជំងឺគ្រុនឈាមនៅតែមានកំណើនខ្ពស់ ហេតុដូច្នេះ មន្ត្រីសុខាភិបាលខេត្ត នៅតែបើកយុទ្ធនាការបាញ់ថ្នាំបំបាត់ជម្រកមូសខ្លា ហើយដាក់ថ្នាំអាបែត បន្ត រាល់ថ្ងៃ នៅតាមភូមិឋាន សាលារៀន គ្រប់បណ្តាស្រុក គ្រប់មូលដ្ឋាន និងធ្វើការអប់រំប្រជាពលរដ្ឋ បានយល់ដឹងពីបញ្ហានេះផងដែរ។

លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវ ដល់ម្ចាស់គ្លីនិកឯកជន ទាំងឡាយដោយហាមដាច់ខាត មិនឲ្យ ព្យាបាលជំងឺគ្រុនឈាមឡើយ ហើយសូមបងប្អូនអញ្ជើញមកពិនិត្យ និងពិគ្រោះជាក្រុមលោកគ្រូ ពេទ្យ ជំនាញៗ ដើម្បីធ្វើការព្យាបាល៕