ក្រសួងសម្រេចលុបចោលគម្រោង សង់គុកកម្រិត VIP សម្រាប់អ្នកទោសមានលុយបង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2019 ក+ ក-

ដោយ​៖ សុត្ថារ៉ា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសលុចចោលជាផ្លូវការនូវគម្រោងដែលកំពុងដំណើរការសាងសង់ពន្ធនាគារទំនើប (VIP) ដោយអះអាងថា  ការបោះបង់ចោលគម្រោងនេះ បន្ទាប់ពីបានធ្វើការសិក្សារកពុំឃើញមានប្រទេសណាមួយ ធ្វើពន្ធនាគារទំនើបបែបនេះសម្រាប់ឃុំខ្លួនអ្នកជាប់ឃុំ ដែលមានលទ្ធភាពបង់ប្រាក់ នោះទេ ខណៈពន្ធនាគារដែលវិនិយោគជាមួយក្រុមហ៊ុនឯកជនមួយនេះ បានសាងសង់ជិតរួចរាល់។ នេះបើតាម លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «យើងធ្វើក៏អត់មានលទ្ធភាពធ្វើដែរ។ យើងដើរទៅមើលប្រទេសគេផ្សេង អត់មានប្រទេសណា គេមានបទពិសោធន៍ធ្វើពន្ធនាគារបែបនេះ ទេ។ អ៊ីចឹង យើងក៏បោះបង់ចោលគម្រោងនេះទៅ។ ប្រទេសគេផ្សេងៗ អត់ទាន់មានធ្វើ បើយើងធ្វើ គេនឹងយកគំរូតាមយើង ហើយបើយើងធ្វើតែឯងក៏មិនកើតដែរ»។

បើតាម លោក ខៀវ សុភ័គ បានឲ្យដឹងថា គម្រោងពន្ធនាគារវីអាយភីនេះ កន្លងមក ក្រសួងមហាផ្ទៃបានឲ្យក្រុមហ៊ុនឯកជនមួយ វិនិយោគធ្វើពន្ធនាគារនេះ ដោយពេលបញ្ចប់ការសាងសង់ នឹងឲ្យជនជាប់ទោសបង់ថ្លៃស្នាក់នៅក្នុងតម្លៃថោកបំផុត។

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានប្រាប់ថា អគារពន្ធនាគារ វីអាយភី សម្រាប់អ្នកដែលមានលទ្ធភាពបង់ថ្លៃស្នាក់នៅត្រូវបានសាងសង់រួចហើយ ប៉ុន្តែនៅសេសសល់ប្រព័ន្ធមួយចំនួនដូចជាលូ ទឹក និងភ្លើងជាដើម។ លោកបន្តថា ពន្ធនាគារទំនើបនេះ ត្រូវបានក្រសួងមហាផ្ទៃបើកដំណើរការសាងសង់កាលពីខែ ឧសភា ឆ្នាំ ២០១៧ ដោយមានការវិនិយោគជាមួយក្រុមហ៊ុន គន្ធរីខុន ហូលឌីង ក្នុងទឹកប្រាក់ប្រមាណ ៤ លានដុល្លារ។ អគារពន្ធនាគារសាងសង់នៅលើផ្ទៃដី ១ ហិកតាកន្លះ ប៉ុន្តែបរិវេណទាំងមូលមានទំហំ ៣ ហិកតា។

ទោះជាយ៉ាងនេះក្តី លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេតនៃអង្គការលីកាដូ «ក្នុងកាលៈទេសនេះ កម្ពុជាមិនគួរមានពន្ធនាគារប្រភេទនេះទេ។ វាមានភាពអវិជ្ជមានច្រើន វាធ្វើឲ្យអ្នកមានជាប់ឃុំហ្នឹងមិនរាងចាល ជាពិសេសអ្នកមានដែលប្រព្រឹត្តបទល្មើស ដូចជារឿងគ្រឿងញៀន និងលួចប្លន់ជាដើម»៕