សមត្ថកិច្ចបន្តសើុបអង្កេតករណីស្ត្រីម្នាក់ត្រូវភ្លើងឆេះស្លាប់ក្នុងផ្ទះនៅស្រុកស្អាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2019 ក+ ក-

ភ្នំពេញ : ក្រោយពីមានហេតុការណ៍អគ្គីភ័យឆេះផ្ទះមួយខ្នងបណ្តាលអោយស្ត្រីជាប្រពន្ធស្លាប់នៅក្នុងផ្ទះ ចំណែកបុរសជាប្តីគ្រាន់តែរងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្នំពេញ សមត្ថកិច្ច ក៏បានដាក់ការសង្ស័យលើករណីនេះ ។

មូលហេតុដែលសមត្ថកិច្ចបានដាក់ការសង្ស័យនេះ ដោយសារបុរសជាប្តីត្រូវបានគេសង្ស័យថា បានបើកទ្វារចាកចេញពីផ្ទះដោយមិនបានស្រែកហៅឲ្យអ្នកជិតខាងជួយ ក្នុងខណៈដែលភ្លើងកំពុងឆាបឆេះ ។ នេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ។

ប្រភពបានបន្តទៀតថា នៅពេលដែលភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធរសន្ធៅនោះប្រជាពលរដ្ឋក៏បានផ្អើលឆោរឡោឡើងនាំគ្នាខ្លះដងទឹកជះ និង ខ្លះទៀតបានរាយទុយោបាញ់ទឹកពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះនោះ ។ មុនដំបូងអ្នកស្រុកបានសន្និដ្ឋានក្រុមគ្រួសារប្តីប្រពន្ធនិងកូនស្រីពីរនាក់ដែលកូនច្បងអាយុ 8 ឆ្នាំ និង ប្អូនមានអាយុទើបតែ 4 ខែកន្លះ អាចស្លាប់នៅក្នុងភ្នក់ភ្លើង ប៉ុន្តែលុះក្រោយពេលដែលពន្លត់ភ្លើងរលត់ហើយ អ្នកស្រុកបានប្រទះឃើញតែសពម្តាយ ចំណែកក្មេងស្រីទាំងពីរ និង ប្តីមិនបានឃើញនោះឡើយ ។  ក្រោយមកក៏បានដឹងដំណឹងថា បុរសជាប្តីក៏រងរបួសដែរ ដោយសារភ្លើងឆេះ ហើយត្រូវបានសាច់ញាតិបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។ ស្នាមរបួសនៅលើខ្លួនប្រាណបុរសជាប្តីត្រូវបានគេពិនិត្យឃើញមានរបួសនៅលើដៃទាំងពីរនិងសាច់ទ្រូង ។ ជាងនេះទៅទៀត រឿងដែលកាន់តែធ្វើឲ្យសមត្ថកិច្ចដាក់ការសង្ស័យនោះ ត្រង់ចំណុចសពស្ត្រីរងគ្រោះមានស្នាមឆេះសក់ក្បាលអស់មួយចំហៀងនិងសាច់ក្បាលពោះ ដៃជើងនៅត្រង់មានសភាពដូចមនុស្សដេកលក់ ហើយមានខោអាវជាច្រើននៅលើសពគ្របត្រឹមចង្កេះរហូតដល់ក្បាល ដូចមិនសាកសមនឹងសភាពមនុស្សរស់ត្រូវបានភ្លើងឆាបឆេះរហូតដល់ស្លាប់ឡើយ ។

ក្នុងករណីនេះដែរគេបានប្រទះឃើញម៉ូតូម៉ាក Wave ពណ៌ប្រផេះដែលជារបស់ម្ចាស់ផ្ទះមានស្នាមកាត់ផ្តាច់ទុយយោប្រេងសាំង ។ ចំណែកប្រេងសាំងត្រូវបានបង្ហូរចេញអស់ពីធុងសាំងម៉ូតូ ។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោងជាង២រំលងអធ្រាតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះជាប្រពន្ធឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ និងមានកូនស្រីចំនួន២នាក់ ទី១ អាយុ៨ឆ្នាំ និងទី២ អាយុ៤ខែកន្លះ) រីឯបុរសជាប្តីឈ្មោះ វ៉េង វិរះ អាយុ៣០ឆ្នាំ (រងរបួស) ។

ក្រោយកើតហេតុគេឃើញនគរបាលជំនាញស្រុក ខេត្ត សហការជាមួយនគរបាលក្រសួងមហាផ្ទៃ បានចុះស្រាវជ្រាវ និង ពិនិត្យសាកសពមួយថ្ងៃពេញ តាំងពីព្រឹករហូតដល់ល្ងាច ប៉ុន្តែ មិនទាន់បានទទួលលទ្ធផលថា សាកសពស្លាប់ដោយសារមូលហេតុអ្វីនោះឡើយ រួចក៏បន្តដឹកសាកសពយកទៅក្លាស្សេនៅវត្តស្ទឹង មានជ័យ នៅឯភ្នំពេញដើម្បីអោយជំនាញពិនិត្យបន្ត។

ប្រជាពលរដ្ឋដែលជាអ្នកជិតខាងក៏បានបន្ថែមទៀតថា ការស្លាប់របស់ស្ត្រីរងគ្រោះពួកគាត់ហាក់បីដូចជាមិនអស់ចិត្តសោះ ព្រោះថានៅពេលដែលហេតុការណ៍កំពុងតែកើតឡើង ហើយពួកគាត់បានចូលទៅជួយសង្គ្រោះ បែរជាមិនឃើញបុរសជាប្តីនោះទេ ឃើញតែសាកសពប្រពន្ធដេកស្លាប់តែម្នាក់ឯង នៅក្នុងបន្ទប់ឡៅតឿ  ហើយបុរសជាប្តីបើកទ្វារចេញទៅបាត់ ដោយមិនហៅញាតិមិត្តជិតខាងអោយជួយពន្លត់អគ្គីភ័យ ។ បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលវិញហើយ បន្ទាប់ពីនគរបាលជំនាញនៅក្រសួងមហាផ្ទៃបាននាំយកទៅពិនិត្យស្រាវជ្រាវកាលពីល្ងាចម្សិលមិញនេះ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងនៅម៉ោងប្រមាណជិត១២ថ្ងៃត្រង់មុននេះបន្តិច ។ សាច់ញាតិបងប្អូនសពស្ត្រីរងគ្រោះនិងប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំលទ្ធផលរបស់សមត្ថកិច្ច ៕