សម្តេចព្រះវនរ័ត ណយ ច្រឹក ទទួលបានពានរង្វាន់មេដាយឥស្សរជនឆ្នើមលំដាប់ពិភពលោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2019 ក+ ក-

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ ព្រះសង្ឃគ្រប់ឋានានុក្រម រួមនឹងប្រជាពុទ្ធបរិស័ទខ្មែរ បានសម្តែងនូវមនោសញ្ចេតនាយ៉ាង ជ្រាលជ្រៅ អបអរសាទរចំពោះសម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ អនុប្រធានទី១ ថេរៈសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស រាជធានីភ្នំពេញ ដែលសម្តេចទទួលបានពានរង្វាន់មេដាយឥស្សរជនឆ្នើមលំដាប់ពិភពលោកផ្នែកចិត្តវិញ្ញាណ កំពូលប្រចាំឆ្នាំ២០១៩ ពីវេទិកានៃកិច្ចប្រជុំស្តីពីនិរន្តរភាពនៃមនុស្សធម៌ ឆ្ពោះទៅកាន់របៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅនៅការិយាល័យអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។

មានថេរៈដីកាប្រាប់អ្នកសារព័ត៍មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីនិវត្តន៍ពី ទីក្រុងហ្សឺណែវ នារសៀលថ្ងៃច័ន្ទម្សិលមិញសម្តេចព្រះវនរ័ត ណយ ច្រឹក ឱ្យដឹងថា ម្ចាស់ក្សត្រី ម៉ារៀ អាម៉ូ ថូរ៉េស ប្រធានអង្គការ We Care For Humanity បាននិមន្តសម្តេចឱ្យទៅចូលរួមកិច្ចប្រជុំស្តីពី និរន្តរភាពនៃមនុស្សធម៌ ឆ្ពោះទៅកាន់របៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ នៅការិយាល័យអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ដោយកិច្ចប្រជុំនេះមានការចូលរួមពីឥស្សរ ជនសំខាន់ៗ ទាំងផ្នែកអាណាចក្រ និងខាងផ្នែកសាសនា មកពីជាង ១០ប្រទេស ហើយក្រោយកិច្ច ប្រជុំនេះបានបិទបញ្ចប់ សម្តេចផ្ទាល់ក៏ទទួលបានពានរង្វាន់មេដាយឥស្សរជនឆ្នើមលំដាប់ពិភពលោក ផ្នែកចិត្តវិញ្ញាណកំពូលប្រចាំឆ្នាំ២០១៩ ដែលបានប្រគល់ដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសវ៉ាណូទូ។

សម្តេចព្រះវនរ័ត ណយ ច្រឹក ឱ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំនេះ សម្តេចត្រូវបានអង្គប្រជុំ និមន្តឱ្យថ្លែងនូវសុន្ទរកថា និងធ្វើជាវាគ្មិនកិត្តិយសឆ្លើយដោះស្រាយនូវសំណួរមួយចំនួនដែលទាក់ទង ទៅនឹងជំនឿ និងសាសនា ក្នុងការដោះស្រាយបញ្ហាសង្គមមានដូចជាបញ្ហាស្ត្រី សង្គ្រាម និងសន្តិភាព សន្តិសុខ ការដោះស្រាយអំពើហិង្សា និងថាតើសម្តេចមានតួនាទីយ៉ាងដូចម្តេច ក្នុងការចូលរួមកាត់ បន្ថយភាពក្រីក្រនៅកម្ពុជា ដើម្បីចូលរួមសម្រេចឱ្យបានជោគជ័យនូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិជាដើម៕