អាជ្ញាធរខេត្តព្រះវិហារជួសជុលផ្លូវពីរខ្សែប្រវែងជាង១០០គីឡូម៉ែត្រ ក្នុងស្រុកឆែប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2019 ក+ ក-

 ដោយ ៖ សហការី

ព្រះវិហារ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កាលពីថ្ងៃទី២២ខែកក្ក ដា ឆ្នាំ២០១៩ បានធ្វើដំណើរចុះត្រួតពិនិត្យផ្លូវពីរខ្សែ ប្រវែងជាង ១០០គីឡូម៉ែត្រ ដែលទើបបញ្ចប់ការជួសជុល ក្រោយរងការកាត់ផ្តាច់ដោយសារទឹកភ្លៀងជាអន្លើៗ នៅក្នុងរដូវស្សាឆ្នាំនេះ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានថា ផ្លូវជាតិក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ចំនួនពីរខ្សែ សរុបប្រវែង ១០០គីឡូម៉ែត្រ ដែល១ខ្សែស្ថិតនៅក្នុងស្រុកឆែប និង១ខ្សែទៀត តភ្ជាប់ពីទីរួមខេត្តព្រះវិហារ មកដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង បានទទួលការគ្រប់គ្រង និងជួសជុលសារឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនោះហើយ។

លោកប្រធានមន្ទីរបន្តថា ផ្លូវទំាងពីរខ្សែនេះ បានរងការប្រេះដាច់ជាអន្លើៗ ដោយសារទឹកភ្លៀងហូរកាត់នៅក្នុងរដូវវស្សានេះ ហើយខណៈនេះត្រូវបានថែទាំ និងជួសជុលឡើងវិញ បានរួចរាល់នោះហើយ។ សំរាប់ប្រជាពលរដ្ឋដឹកទំនិញ និងកសិផលនានា ទៅកាន់ទីផ្សារ ក៏ដូចជាសម្រួលដល់ការចុះបំពេញការងារ របស់មន្ត្រីរាជការសាធារណៈ ផងនោះដែរ។ លោកថា ផ្លូវទាំងពីរប្រភេទ ទី១.គឺផ្លូវជាតិលេខ៩៤ ជាផ្លូវក្រាលក្រួសក្រហម មានប្រវែង៦១គីឡូម៉ែត្រ តភ្ជាប់ពីទីរួមស្រុកឆែប រហូតដល់ឃុំកំពង់ស្រឡៅ១ ជាប់មាត់ទន្លេព្រំប្រទល់ផ្លូវទឹក ប្រទេសឡាវ និងទី២.ផ្លូវជាតិលេខ៩ តភ្ជាប់ពីទីរួមខេត្តព្រះវិហារ រហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង មានប្រវែង៦១គីឡូម៉ែត្រ ផ្លូវទាំងពីរខ្សែ មានប្រវែងសរុប ១២២គីឡូម៉ែត្រ។

លោកថា ផ្លូវជាតិលេខ៩៤ កំពុងដំណើរការកៀរសម្រួលជិតរួចរាល់ហើយ រីឯផ្លូវជាតិលេខ៩ ត្រូវបានបញ្ចប់ការជួសជុល១០០%ហើយ។ ដោយឡែក ស្ពានថ្ម ចំនួន២កន្លែង នៅផ្លូវជាតិលេខ៩៥ តភ្ជាប់ពីទីរួមស្រុកឆែប ទៅកាន់ស្រុកជ័យសែន មន្ត្រីជំនាញស្ពានផ្លូវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងតែដំណើរការស្ថាបនានោះហើយ និងនៅមានស្ពាន១ខ្សែទៀត ប្រវែងជាង១០០ម៉ែត្រ កំពុងរងនូវការចាស់ទ្រុឌទ្រោមខ្លាំង។

ជាមួយគ្នានោះ លោកក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាពិនត្យតាមលទ្ធភាព ក្នុងការសាងសង់ស្ពានថ្មី សម្រាប់ប្រជាពលរដ្ឋបានធ្វើដំណើរ ផុតពីក្តីបារម្ភ។ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងរកការយោគយល់ ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលបានធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើ នាពេលកន្លងទៅ ហើយជួបការលំបាកក្នុងការធ្វើដំណើរ ដែលក្រុមការងាររបស់មន្ទីរ បានធ្វើការជួសជុលមានភាពយឺតយ៉ាវ។ ប៉ុន្តែបច្ចុប្បន្ននេះ ផ្លូវទាំងអស់នោះ ត្រូវបានធ្វើការថែទាំ និងជួសជុលរួចរាល់ហើយ។

លោក សំ លាងទ្រី បានបញ្ជាក់ជំហរថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅតែបន្តយកចិត្តទុកដាក់ជួសជុល និងថែទាំផ្លូវទាំងអស់នេះ ដូចជាលុបស្នាមប្រេះ ស្នាមស្រុត សម្អាតរុក្ខជាតិតាមដងផ្លូវ និងធ្វើការកៀរសម្រួលផ្លូវក្រួសក្រហមជាដើម។ បន្ថែមពីនេះ លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព បន្ទាប់ពីផ្លូវជាតិទាំងពីរខ្សែនេះ បានបញ្ចប់នូវការថែទាំង និងជួសជុលរួចរាល់ជាស្ថាពរហើយនោះ៕