មន្ត្រីជាន់ខ្ពស់ការពារជាតិចិន ច្រានចោលវត្តមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2019 ក+ ក-

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងច្រានចោលការចោទប្រកាន់ដែលថា ចិននិងកម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់អនុញ្ញាតឲ្យយោធាចិនឈរជើងនៅមូលដ្ឋានកងទ័ពកម្ពុជា សមុទ្ររាម។ ប្រតិកម្មរបស់ក្រសួងការពារជាតិចិន បានធ្វើឡើងបន្ទាប់ពីការច្រានចោលព្រមៗគ្នារបស់ក្រសួងការបរទេសចិន និងប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន។

ពីទីក្រុងប៉េកាំង ប្រទេសចិន លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានចាត់ទុកថា ការផ្សាយរបស់កាសែតអាមេរិក The Wall Street Journal ជុំវិញកិច្ចព្រមព្រៀងសំងាត់រវាងចិន និងកម្ពុជាដែលអនុញ្ញាតឲ្យយោធាចិនឈរនៅកម្ពុជា ថាជាពាក្យចចាមអារាម និងជាព័ត៌មានមិនពិត។ តាមលោក Wu ប្រទេសចិន និងកម្ពុជា មានត្រឹមកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនជំនាញជាមួយគ្នាព្រមទាំងការផ្តល់ជំនួយ ដល់គ្នាទៅវិញទៅមកហើយកិច្ចសហប្រតិបត្តិការទ្វេភាគីនេះគឺគ្មានការកំណត់គោលដៅទៅលើប្រទេសទីបីណាមួយឡើយ។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកាលពីថ្ងៃច័ន្ទ ក៏បានអះអាងដែរថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធានៅកម្ពុជា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ចោទសួរថាតើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជាដើម្បីប្រឆាំងនិងយើងហើយ។ នេះបើតាមលោក ហ៊ុន សែន។

កាលពីពេលថ្មីៗនេះ កាសែត The Wall Street Journal តាមរយៈសម្តីមន្ត្រីអាមេរិកម្នាក់បានចុះផ្សាយថា កម្ពុជាបានអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានយោធាសមុទ្ររាម ខេត្តព្រះសីហនុរយៈពេល៣០ឆ្នាំ ហើយអាចបន្តសុពលភាពជាស្វ័យប្រវត្តិរៀងរាល់១០ឆ្នាំម្ដង។ កាសែតអាមេរិកមួយនេះបន្តថា មូលដ្ឋានកងទ័ពចិន នឹងមានកន្លែងស្ដុកអាវុធ ព្រមទាំងកន្លែងចតនាវាចម្បាំងផងដែរ៕