លោកព្រះរាជអាជ្ញាម្នាក់ទៀតត្រូវបានផ្អាកមុខតំណែង ដោយសាររឿងផិតក្បត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2019 ក+ ក-

ភ្នំពេញ ៖ លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន ។ ការផ្អាកនេះ បានធ្វើឡើងនៅក្រោយពេលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដាក់ការ ​ចោទប្រកាន់លោក ជា ពេជ្រ ពីបទផិត ដោយយោងតាមបណ្តឹងរបស់ស្ត្រីជាភរិយា។

លោកស្រី ហ៊ាន លក្ខិណា ភរិយាដើម របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្តឹងលោក ជា ពេជ្រ ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទផិត បន្ទាប់ពីរកឃើញថា លោក ជា ពេជ្រ បានលួចលាក់មានប្រពន្ធចុងរហូតមានកូនប្រុសម្នាក់។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងយុត្តិធម៌ បានទទួលលិខិតជូនដំណឹងលេខ៦៥១ អយប របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្តីពីការចោទប្រកាន់ លើលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ពីបទ ផិត ប្រព្រឹត្តនៅខេត្តរតនគិរី និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩ យោងតាមមាត្រា១០ នៃច្បាប់ស្តីពីឯកព័ន្ធភាព៕