រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2019 ក+ ក-

ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចទទួលយកសេចក្តី ព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិច ត្រូនិច ដែលស្នើឡើងដោយរាជរដ្ឋា ភិបាលមកពិនិត្យសិក្សា។

គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នក ប្រើប្រាស់ ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យសិក្សា ហើយធ្វើរបាយការ ណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាវិញ។ ចំណែកសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិច គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា បានអនុម័តប្រគល់ជូនគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាពិនិត្យសិក្សា ដោយសហការជាមួយ គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយ ការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តលើសំណើសុំជ្រើសតំាង សមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណត្តិថ្មីចំនួន ១រូប ជំនួសឯកឧត្តម អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម ដែលត្រូវបញ្ចប់អាណត្តិ ដោយបានប្រគល់ភារកិច្ចដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភាធ្វើសេចក្តីជូន ដំណឹង និងផ្សព្វផ្សាយជាសាធារណៈ ជ្រើសរើស ឥស្សរ ជន ដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយ ការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋ សភាវិញ៕