សាសនិក​អ៊ិស្លាមកម្ពុជាចេញដំណើរទៅចូលរួមបុណ្យហាជ្ជី ប្រចាំឆ្នាំនៅ អារ៉ាប៊ីសាអូឌីត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2019 ក+ ក-

ភ្នំពេញ ៖ ឆ្នាំនេះ សាសនិអ៊ិស្លាមកម្ពុជាប្រមាណ ១.២១០នាក់ បានចេញទៅចូលរួមក្នុងពិធីបុណ្យហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយចំពោះការធ្វើដំណើរបានធ្វើឡើងជាក្រុមៗ និងជាបន្តបន្ទាប់។ ដោយ ឡែកសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ នេះ មានចំនួន ១៥៣នាក់ ក្រោមការជូនដំណើរពីថ្នាក់ដឹកនាំជាន់ខ្ពស់់សាសនិអ៊ិស្លាមកម្ពុជា យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។

លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជាបានឱ្យដឹងថា ឆ្នាំនេះការចំណាយសរុបរបស់សាសនិកឥស្លាមកម្ពុជា ដែលត្រូវទៅចូលរួមកម្មវិធីបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអូឌីត មានប្រមាណ ៤លាន ៨សែនដុល្លារអាមេរិក ដែលជាការចំណាយផ្ទាល់ខ្លួនរបស់បងប្អូន។ ឯកឧត្តមថា ពី មួយឆ្នាំ ទៅមួយឆ្នាំ មានសាសនិកឥស្លាមកម្ពុជាកាន់តែច្រើនទៅៗបានដាក់ពាក្យសុំទៅចូលរួមក្នុងពិធី បុណ្យប្រចាំឆ្នាំដ៏ធំមួយនេះ តែដោយសារចំនួនមានកំណត់បងប្អូនយើងខ្លះពុំបានទៅទេ ដែលការកើន ឡើងដល់ចំនួនខ្ទង់ពាន់នាក់បែបនេះ សបញ្ជាក់ឱ្យឃើញថា បងប្អូនយើងមានលទ្ធភាពកាន់តែធំទៅៗ ក្នុងការចំណាយ ដែលខុសពីពេលមុនយើងមានអ្នកដែលមានលទ្ធភាពទៅត្រឹមតែ១ ឬ២នាក់ប៉ុណ្ណោះ ក្នុង១ឆ្នាំ ព្រោះថាការចំណាយឃើញថាវាខ្ពស់គួរសមដែរសម្រាប់ប្រទេសយើង។

បើតាមលោក ស៊ីត យូសុះ មកពីខេត្តកំពង់ឆ្នាំង ដែលបានចេញដំណើរពីប្រទេសកម្ពុជា ទៅចូលរួមក្នុងពិធីបុណ្យហាជ្ជី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះបានឱ្យដឹងថា លោក និងភរិយា បានចំណាយលុយផ្ទាល់ខ្លួន ក្នុងម្នាក់ៗ ប្រមាណ ៤ពាន់ដុល្លារអាមេរិក សម្រាប់ការធ្វើដំណើរ និងការស្នាក់ នៅប្រទេសអារ៉ាប៊ីសាអូឌីត រយៈ ពេលប្រហែល៤០ថ្ងៃ ដើម្បីស្វែងរកបុណ្យជាមួយសាសនិកឥស្លាម មកពីជុំវិញពិភពលោករាប់លាន នាក់ផ្សេងទៀត៕