លួចម៉ូតូស៊េរីមិនទំនើបនៅភ្នំពេញ យកទៅលក់នៅកំពង់ចាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍គគរ ស្រុកកំពង់សៀម ចាប់ឃាត់ខ្លួននៅពេលកំពុងដើរលក់ម៉ូតូ ហើយនៅថ្ងៃទី30ខែកក្កដាឆ្នាំ2019 នេះ ។

នគរបាលខេត្តកំពង់ចាម បានប្រកាសរកម្ចាស់ម៉ូតូ ឆាលីមួយគ្រឿងដែលជនសង្ស័យ លួចពីភ្នំពេញ ហើយជិះមកលក់នៅខេត្តកំពង់ចាម។ ប៉ូលិសបានអោយដឹងថា នៅថ្ងៃទី30 ខែកក្កដាឆ្នាំ2019 វេលាម៉ោង13 និង15នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍គគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សន ស៊ីណា ហៅពៅ ភេទប្រុស អាយុ35ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគរ2 ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងខណះយកម៉ូតូ01គ្រឿងម៉ាក ហុងដា chaily (ឆាលី) ពណ៌ស ពាក់ផ្លាកលេខ1AQ-4507 មានលេខតួ 3605700 លេខម៉ាស៊ី3508530 មកលក់ឲ្យប្រជាពលរដ្ឋនៅភូមិគគរ2 ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយគ្មានឯកសារ ត្រឹមត្រូវនិងដោយមានការសង្ស័យប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចហៅឈ្មោះសនស៊ីណា ហៅពៅមកធ្វើការ សួរនាំ ។

ជនសង្ដយ័បានឆ្លើយសារភាពថា ចំពោះម៉ូតូ ខាងលើខ្លួនពិតជាបានធ្វើសកម្មភាពលួចជិះយកមកពីម្តុំផ្ទះជួល នៅភូមិដើមខ្វិត សង្កាត់ទទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខណះម្ចាស់គេទុកចោលនៅមុខបន្ទប់ជួល ហើយជិះយកមកលក់នៅស្រុកកំណើតរបស់ខ្លួនតែម្តង ។

ប៉ូលិសបានបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបានបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីរៀបចំ ឯកសារ និងសំណុំរឿងតាមនីតិវិធី ​៕