តៃកុងថ្មីបើករថយន្ដដឹកកម្មករក្រឡាប់ស្លាប់២នាក់ របួសជាង៣០នាក់ នៅស្រុកស្វាយទាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2019 ក+ ក-

ខេត្តស្វាយរៀង ៖ ម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលឲ្យកម្មកររោងចក្រ ២នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាង ៣០នាក់ផ្សេងទៀត ក្នុងនោះក៏មានកម្មការិនីមានផ្ទៃពោះផងដែរ នៅចំណុចភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មុនពេលកើតហេតុ ក្រុមកម្មករ-កម្មការិនីធ្វើដំណើរទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស សាន តុង ដោយរថយន្តកូរ៉េ១គ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តបានបើកវ៉ាម៉ូតូមួយគ្រឿងនៅក្នុងល្បឿនលឿន ហើយគ្រប់គ្រងល្បឿនលែងបានក៏រេចង្កូត បណ្ដាលឲ្យក្រឡាប់តែម្ដង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងបន្តថា អ្នកបើកបររថយន្តកូរ៉េខាងលើទើបតែចេះបើកបរមិនទាន់ស្ទាត់នោះទេ ហើយការដឹកជញ្ជូនកម្មករ-កម្មការិនីនៅព្រឹកថ្ងៃនេះ គឺទើបតែជាលើកដំបូងផងដែរ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានទៅដល់ ជួយចាត់ចែងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងស្ទូចរថយន្តយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕