កាប់ស្លាប់ម្នាក់ ព្រោះចង់ផឹកស្រាថ្នាំមិនព្រមផឹកស្រាបៀរក្លែមសាច់ឆ្កែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2019 ក+ ក-

ខេត្តកំពង់ឆ្នាំង : បុរសម្នាក់បានស្លាប់នៅចម្ងាយប្រមាណ 100 ម៉ែត្រពីកន្លែងផឹកស៊ី ចំណែកជនដៃដល់បានរត់គេចខ្លួន ជាមួយគ្នានេះជនសង្ស័យ 2 នាក់ត្រូវបានចាប់ខ្លួន ក្នុងហេតុការណ៍អំពើហិង្សាមួយបានកើតឡើងនៅវេលាម៉ោង 6 និង 30 នាទីយប់ថ្ងៃទី 30 ខែកក្កដាឆ្នាំ 2019 នៅក្នុងឃុំសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។

នគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នៅផ្ទះឈ្មោះ គក់ ខ្លី អាយុ 31ឆ្នាំបានជួបជុំគ្នាផឹកស៊ីជាមួយឈ្មោះ ឈួន ថន អាយុ 34ឆ្នាំ និងឈ្មោះ តន រឺន អាយុ 24ឆ្នាំ បាននាំគ្នាផឹកស្រាថ្នាំអស់មួយលីត្រ បន្ទាប់មកក៏ទិញស្រាបៀរ១កេះ និងសាច់ឆ្កែ មកផឹកស៊ីបន្តទៀត ។ពេលត្រឡប់មកពីទិញវិញ ក៏បានបបួលជនរងគ្រោះឈ្មោះ អ៊ុន ឈី មកផឹកជាមួយ ។ ប្រភពដដែលបន្តថា ពេលមកដល់ឈ្មោះ គក់ខ្លី បានបង្ខំជនរងគ្រោះ ឲ្យផឹកស្រាបៀរ និងហូបសាច់ឆ្កែ តែជនរងគ្រោះមិនព្រមសុខចិត្តផឹកស្រាថ្នាំវិញ ធ្វើអោយឈ្មោះ គក់ ខ្លី ជាម្ចាស់ផ្ទះ និងជាជនដៃដល់មានការខឹងសម្បា ហើយបានទាក់សំដីគ្នាក៏ស្ទុះទៅទាញយកកាំបិតផ្គាក់ពីក្នុងផ្ទះផ្ទះមកកាប់ចំគល់ថ្គាមជនរងគ្រោះ បណ្ដាលឲ្យរងរបួសជាទម្ងន់ ។ ពេលត្រូវរបួស ជនរងគ្រោះបានព្យាយាមរត់បានចំងាយប្រមាណ 100ម៉ែត្រ ត្រូវជនដៃដល់បន្តរត់ទៅកាប់បណ្ដាលឱ្យស្លាប់នៅតាមផ្លូវតែម្ដង។ក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់ ចំណែកអ្នករួមវង់ផឹកស៊ីជាមួយមានឈ្មោះ ឈួន ថន និងឈ្មោះ តន រឺន ត្រូវបានសមត្ថកិច្ចកធ្វើការឃាត់ខ្លួនយកមកសាកសួរ ។

នៅព្រឹកថ្ងៃទី 31 ខែកក្កដា នេះ សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុ និងបានធ្វើការសាកសួរអ្នករួមផឹកជាមួយទាំង២នាក់ រួចបានកសាងសំណុំរឿងនាំខ្លួនតាមនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងចាត់តាំងកម្លាំងដើម្បីស្វែងរកជនដៃដល់៕