សុំច្បាប់ទៅជួបបុរសបារាំងម្នាក់នៅខេត្តកំពត ស្រាប់តែបាត់ដំណឹងឈឹង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2019 ក+ ក-

​ភ្នំពេញ ៖ នារី​បម្រើ​ការ​ក្នុង​បារ​មួយ​កន្លែង​ បាត់​ខ្លួន​រយៈពេល​១១​ថ្ងៃ​ហើយ​ និង​មិនឃើញ​ទាក់ទង​មក​អ្នក​ផ្ទះ​ ឬ​អ្នក​នៅ​កន្លែងធ្វើការ​បានដឹង​ទេ​។​ ដោយ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ អ្នកគ្រប់គ្រង​ហាង​ និង​អ្នកធ្វើការ​ជាមួយ​នាង​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ និង​តាម​ហ្វេ​ស​ប៊ុ​ក​ របស់​នាង​ដែរ​ តែ​មិន​លើក​ទូរស័ព្ទ​ និង​ពុំ​មានការ​ឆ្លើយ​តប​មក​។​

​ស្ត្រី​ដែល​ជា​បុគ្គលិក​ហាង​ស្រា​បារាំង​ដែល​បាត់​ដំណឹង​ ឈ្មោះ​ ស្រី​ ណ​ង​ អាយុ​៣៥​ឆ្នាំ​ ធ្វើការ​និង​ស្នាក់​នៅ​ ហាង​ស្រា​បារាំង​ “VVIP​ Bar​ &​ Food”​ នៅ​ផ្លូវ​១៣៦​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ ខណ្ឌដូនពេញ​ មានកូន​ពីរ​នាក់​។​

​បើ​តាម​សម្ដី​បងស្រី​អ្នកគ្រប់គ្រង​ហាង​ស្រា​បាំ​រាំង​ VVIP​ បាន​រៀបរាប់​ប្រាប់​ថា​ នៅ​មុន​ពេល​កើតហេតុ​ ស្រី​ ណ​ង​ បាន​រអ៊ូរទាំ​ថា​ចង់ទៅ​លេង​សមុទ្រ​ និង​តែង​មាន​ទឹកមុខ​ ស្រងូតស្រងាត់​ មិនដឹង​មានរឿង​អ្វី​ទេ​ ហើយ​មុន​ថ្ងៃ​ចេញពី​ហាង​ទៅ​ ស្រី​ណ​ង​ បាន​មក​សុំ​ច្បាប់​សម្រាក​ពី​ការងារ​ ២​ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ​ ដើម្បី​ទៅ​ដើរ​លេង​នៅ​ខេត្តកំពត​ ដោយ​ប្រាប់​ថា​បុរស​បារាំង​ម្នាក់​ ទើប​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ហើយ​ណាត់ជួប​គ្នា​។​ លុះ​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៩​ ស្រី​ណ​ង​ បាន​រៀបចំ​ សម្លៀក​បំពាក់​ ឡើង​ជិះ​រថយន្តក្រុង​ សូ​រិ​យា​ ធ្វើ​ដំណើរ​ទៅ​ខេត្តកំពត​ បាត់​ទៅ​។​

​តែ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ គឺ​១១​ថ្ងៃ​ហើយ​ មិន​ទាន់​ឃើញ​នាង​ត្រលប់​មក​ធ្វើការ​វិញ​ ហើយ​ក៏​មិនឃើញ​ទាក់ទង​ទៅ​អ្នក​ផ្ទះ​ ឬ​ទាក់ទង​មក​អ្នក​នៅ​កន្លែងធ្វើការ​បានដឹង​ដែរ​ ហើយ​ម្ចាស់​ហាង​ និង​អ្នកធ្វើការ​ជាមួយ​នាង​ ក៏​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ និង​តាម​ហ្វេ​ស​ប៊ុ​ក​ របស់​នាង​ ដើម្បី​សួរនាំ​អោយ​ដឹង​ថា​ នៅឯណា​ ឬ​មាន​បញ្ហា​អ្វី​ បានជា​មិន​លើក​ទូរស័ព្ទ​ និង​ពុំ​មានការ​ឆ្លើយ​តប​មក​វិញ​ដូច្នេះ​។​

 

 

បើសិនជា​បងប្អូន​ណា​ប្រទះ​ឃើញ​ ឬ​គាត់​ជួប​នៅ​កន្លែង​ណា​ ជួយ​ប្រាប់​សមត្ថកិច្ច​ ឬ​សមី​ខ្លួន​គាត់​ផង​ ព្រោះ​ពេល​នេះ​កូនៗ​គាត់​នឹករលឹក​ណាស់​ មិន​ព្រម​ហូប​អាហារ​ទេ​ ដូច្នេះ​ ហើយ​សូម​ជួយ​ Share​ ចែករំលែក​ ផង​ ហើយ​បើសិនជា​បានឃើញ​ សូម​ទំនាក់ទំនង​មក​លេខ​ 088​ 575​ 3753​ សូម​ជួយ​ Share​ ផង​ ៕