មេធាវីលោក ឌី វិជ្ជា កំពុងរៀបចំប្តឹងលោក សម រង្ស៊ី ដូចគ្នានឹងសម្តេច ស ខេង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2019 ក+ ក-

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ម្សិលមិញ លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ខកខានមិនបានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទៅតាមការកំណត់របស់តុលាការទេ ពាក់ព័ន្ធនឹងបណ្ដឹងរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីថ្លែងកាលពីថ្ងៃពុធ ម្សិលមិញ នេះ។

បើតាមដីកាកោះរបស់តុលាការ លោក សម រង្ស៊ី ត្រូវចូលបំភ្លឺ នៅព្រឹកថ្ងៃពុធម្សិលមិញ ដើម្បីឆ្លើយទៅនឹងការសាកសួរដោយព្រះរាជអាជ្ញារង សេង គីមឡាក់ ពាក់ព័ន្ធនឹងការដែល លោកបានអះអាងថា សម្តេច ស ខេង បានគាំទ្រលើគម្រោងសងសឹកលើសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។

សូមជម្រាបថា កាលពីដើមខែ កក្កដា លោក ស ខេង បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី តាមរយៈមេធាវីរបស់លោកទៅសាលាដំបូងរាជធានី ដោយស្នើសុំឲ្យតុលាការ ផ្ដន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ ហើយទាមទារសំណងជំងឺចិត្តចំនួន ១លានដុល្លារ។ ការប្ដឹង ផ្ដល់នេះ បានកើតឡើងនៅបន្ទាប់ពីលោក សម រង្ស៊ី បានអះអាងនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោកថា ៖ លោក ឌី វិជ្ជា ដែលជាកូនប្រសារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើគម្រោងសងសឹក លើសម្តេចនាយករដ្ឋមន្ត្រី ដោយមានជំនួយពីលោក ស ខេង។ លោក សម រង្ស៊ី សរសេរបន្ថែមថា ៖ ការស្លាប់របស់លោក ហុក ឡង់ឌី ដែលជាឪពុករបស់លោក ឌី វិជ្ជា កាលពីឆ្នាំ ២០០៨ គឺជាផែនការរបស់សម្តេច ហ៊ុន សែន។

លោក ឌី វិជ្ជា បានបញ្ជាក់នៅពេលថ្មីៗនេះថា លោកក៏គ្រោងប្ដឹងលោក សម រង្ស៊ី ដែរ។លោកថា មេធាវីរបស់លោក កំពុងរៀបចំឯកសារប្ដឹងនៅឡើយ ហើយទោះយ៉ាងណាលោកនៅរក្សាជំហរប្ដឹងលោក សម រង្ស៊ី ដដែល៕