នៅឆ្នាំក្រោយវិក័យបត្រអគ្គិសនីកម្ពុជា នឹងចេញជាភាសាខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានបញ្ជាក់ឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងធ្វើការផ្លាស់ប្តូរវិក័យបត្រអគ្គិសនី ទៅជាភាសាខ្មែរទាំងស្រុង នៅឆ្នាំក្រោយនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទូទៅ។

នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៏ នាទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៨ សីហា ស្តីពី“ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង” ឯ.ឧ កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់អ្នកកាសែតថា អគ្គិសនីកម្ពុជា នឹងធ្វើការកែសម្រួលវិក័យបត្រភ្លើងប្រចាំខែ ឲ្យទៅជាភាសាខ្មែរទាំងស្រុង អមដោយលេខទូរស័ព្ទទំនាក់ទំនង និងហ្វេសប៊ុកផេកផ្លូវការនៅ ខាងលើ ដើម្បីអាចឲ្យបងប្អូនងាយស្រួលមើល និងងាយស្រួលក្នុងការតវ៉ា និង សួរទៅមន្ត្រីអគ្គិសនីកម្ពុជា ពាក់ព័ន្ធនឹងរឿងកុងទ័រភ្លើង។ ការបញ្ជាក់របស់មេអគ្គិសនីនាពេលនេះ គឺនៅគ្រាដែលមានប្រជាពលរដ្ឋរិះគន់ថា វិក័យបត្រភ្លើង សុទ្ធតែភាសាបរទេស គាត់មើលមិនសូវយល់ ហើយភ័ន្តច្រលំជាច្រើនលើក ចំពោះការទូទាត់ប្រាក់ថ្លៃអគ្គិសនី។ បើតាម ឯ.ឧ កែវ រតនៈ អាចនៅឆ្នាំក្រោយនេះ អគ្គិសនីកម្ពុជា នឹងធ្វើការកែសម្រួលវិក័យបត្រថ្មី ប៉ុន្តែត្រូវការពេលវេលា ដើម្បីអ្នកបច្ចេកទេសកែសម្រួល និងធ្វើការផ្តាច់កុងត្រាចាស់ជាមួយប្រទេសណូវែលហ្សេឡង់ ត្បិតប្រព័ន្ធទាំងនោះកម្ពុជាទិញពីណូវែលហ្សេឡង់។

ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងថា នាទិការស្ទង់ រឺកុងទ័រអគ្គិសនីមានបញ្ហា និងមិនត្រឹមត្រូវ។ ឯ.ឧពន្យល់ថា គីឡូវ៉ាត់ភ្លើងឡើងខ្លាំងមិនមែនមកពីបញ្ហានាទ្បិកាស្ទង់នោះទេ ប៉ុន្តែអាចមកកត្តាផ្សេងទៀត ដូចជាខ្សែភ្លើងមានបញ្ហានៅក្នុងផ្ទះ រឺការប្រើប្រាស់ភ្លើងមិនបានត្រឹមត្រូវ រឺប្រើប្រាស់ច្រើន។ ទោះយ៉ាងណា អាជ្ញាធរអគ្គិសនីកម្ពុជាលើកទឹកចិត្តដល់ប្រជាពលរដ្ឋស្នើសុំឲ្យអ្នកផ្គត់ផ្គង់ជួយពិនិត្យកុងទ័ររបស់ពលរដ្ឋដោយផ្ទាល់។
បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯ.ឧ កែវ រតនៈ អគ្គិសនីកម្ពុជា នឹងធ្វើ ការទិញនាឡិកាស្ទង់មេកានិចពីប្រទេសជប៉ុន ដើម្បីជំនួសដូរកុងទ័រចាស់ដែលជាកុងទ័រអេឡិចត្រូនិក បង្កើតឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តចំពោះនាឡិកាស្ទង់គីឡូវ៉ាត់របស់ប្រជាពលរដ្ឋ។

គួរជម្រាបដែរថា មកដល់ពេលនេះ ការផ្គត់ផ្គង់អគ្គិសនីសម្រាប់ការប្រើប្រាស់ ទូទាំងប្រទេស មិនមានការខ្វះខាត និងដាច់ចរន្តអគ្គិសនីទៀតទេ ដោយសារ វារីអគ្គិសនីដែលជាប្រភពអគ្គិសនីដ៏សំខាន់ បានបញ្ចេញថាមពលគ្រប់ចំនួន ក្រោយភ្លៀងធ្លាក់គ្រប់គ្រាន់មក៕