អគ្គនាយកអគ្គិសនីកម្ពុជា ៖ ភូមិចំនួន៩៣ភាគរយហើយ ដែលទទួលបានការផ្គត់ផ្គង់អគ្គិសនី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ឯ. ឧ កែវ រតនៈ បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះ អគ្គិសនីកម្ពុជាបានធ្វើការ តបណ្តាញផ្គត់ផ្គង់អគ្គិសនីដល់ភូមិឋានប្រជាពលរដ្ឋ បានចំនួន៩៣ភាគរយហើយ។ បើតាមអគ្គិសនីកម្ពុជា ការផ្គត់ផ្គង់អគ្គិសនីឲ្យគ្រប់ភូមិឋានប្រជាពលរដ្ឋ នឹងសម្រេចឲ្យ១០០ភាគរយនៅត្រឹមឆ្នាំ២០២០។

នៅក្នុងសន្និសីទកាសែតកាលពីម្សិលម៉ិញ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ឯ. ឧ កែវ រតនៈ បានបញ្ជាក់ថា គិតមកដល់ពេលនេះ អគ្គិសនីកម្ពុជា បានធ្វើការតបណ្តាញអគ្គិសនីទៅដល់ភូមិដ្ឋានរបស់ពលរដ្ឋសម្រេចបាន៩៣ភាគរយហើយ ហើយតបណ្តាញចូលដល់ ខ្នងផ្ទះរបស់ពលរដ្ឋបាន៧៣ភាគរយ។ អគ្គិសនីកម្ពុជា នឹងបន្តពន្លឿនការត បណ្តាញឲ្យដល់លំនៅដ្ឋានរបស់ពលរដ្ឋឲ្យបាន១០០ភាគរយនៅត្រឹម២០២០ ។ បើតាម ឯ.ឧ កែវ រតនៈ កម្ពុជា ជាប្រទេសតបណ្តាញអគ្គិសនីទៅដល់ភូមិ ប្រជាពលរដ្ឋលឿនជាងគេបំផុតនៅក្នុងតំបន់។ ជាការកត់សំគាល់ តម្រូវការ នៃការប្រើប្រាស់អគ្គិសនី បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយ នេះ ដែលបរិមាណប្រើប្រាស់បានកើនឡើងជាង២០ដងធៀបទៅនឹង១៩ឆ្នាំមុន។ មកដល់ពេលនេះ កម្ពុជា ត្រូវការអគ្គិសនីដល់ទៅជាង២០០០មេហ្គាវ៉ាត់ ត្បិតវិស័យសំណង់ និងការកើនឡើងនៃអ្នកវិនិយោគមានច្រើនសន្ធឹកសន្ធាប់។

បើតាម ឯ.ឧ កែវ រតនៈ នៅពេលខាងមុខនេះ កម្ពុជា នឹងមានឯករាជ្យភាពខាងអគ្គិសនីប្រើប្រាស់ដោយមិនចាំបាច់ទិញអគ្គិសនីពីប្រទេសជិតខាងនោះទេ។ បច្ចុប្បន្បនេះ ប្រភពអគ្គិសនីពីប្រទេសជិតខាងមានតិចតួច គឺកម្ពុជា ទិញពីវៀតណាមប្រមាណ១០ភាគរយ ពីប្រទេសថៃ៦ភាគរយ និងពីប្រទេសឡាវ ចំនួនមិនដល់២ភាគរយផងនោះទេ។ កម្ពុជាកំពុងពង្រីកការផលិតអគ្គិសនី តាមរយៈការសាងសង់វារីអគ្គិសនីបន្ថែម សាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយធ្យូងថ្ម រោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ រឺប្រព័ន្ធ សូឡាជាដើម៕