ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ពុករលួយ១៤០ករណី កិបកេងលុយជិត៤០ម៉ឺនដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 August, 2019 ក+ ក-

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសពីការរកឃើញថា លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ប្រព្រឹត្តអំពើពុករលួយ និងយកលុយក្រៅសេវាច្បាប់ចំនួន ១៤០ករណី សរុបជាលុយជិត ៤០ម៉ឺនដុល្លារ (៣៧២ ៧៤៧ដុល្លារ) តាំងពីលោកចូលកាន់តំណែងក្នុងឆ្នាំ២០១៦ រហូតមកដល់ថ្ងៃចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៤៨ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១២ ខែសីហា នេះ បានបញ្ជាក់ថា តាមការស្រាវជ្រាវ រកបានភស្តុតាងរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងតាមការសារភាពរបស់សាម៉ីខ្លួន តាំងពីឆ្នាំ២០១៦មក លោកលៀម ប៊ុនរឿន បានយកលុយសេវាក្រៅច្បាប់ចំនួន ១៤០ករណី បានប្រាក់ ៣៧២.៧៤៧ដុល្លារ (សាមសិបប្រាំពីរម៉ឺន ពីរពាន់ប្រាំពីររយសែសិបប្រាំពីរដុល្លារ) និងជាង ៤៩លានរៀល នោះមិនទាន់រាប់ករណ៍ ខ ទ ដែល លោកលឿម ប៊ុនរឿន បានទទួលប្រាក់ ២០ ០០០ដុល្លារ (ពីរម៉ឺនដុល្លារ) ដូចពាក្យប្តឹងដែលអង្គភាពប្រឆាំងអំពោពើករលួយ បានទទួលនោះផង ។

អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញលុយចំនួន ១៧ ៥២៩ដុល្លារ និង ១៦ ២៥០ ០០០រៀល ក្នុងនោះមានលុយដែលដាក់ក្នុងស្រោមសំបុត្រ ចំនួន០៦ស្រោមសំបុត្រ និងឯកសារមួយចំនួន ត្រូវបានរកឃើញនៅក្នុងការិយាល័យរបស់លោក លឿម ប៊ុនរឿន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដែលសាម៉ីខ្លួន លឿម ប៊ុនរឿន ទទួលស្គាល់ថា ជាលុយបានដោយខុសច្បាប់មួយចំនួន ។

រតបាយការណ៍ដដែល បញ្ជាក់ថា អំពីសកម្មភាពប្រព្រឹត្តអំពើពុករលួយរបស់ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ដែលបានចាប់ខ្លួនកាលពីចុងខែកក្កដា ។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់បានកិបកេងលុយល្មើសច្បាប់ប្រមាណ១៤០ករណី ស្មើនឹងជិត ៤០ម៉ឺនដុល្លារ។

អង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា លោក លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ដែលត្រូវបានចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយនាពេលថ្មីៗនេះ បានយកលុយសេវាក្រៅច្បាប់ចំនួន១៤០ករណី សរុបជាទឹកប្រាក់ជិត៤០ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេលកាន់តំណែង ៣ឆ្នាំមកនេះ ។

តាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយចុះថ្ងៃទី៣០ កក្កដា បង្ហាញឱ្យដឹងថា ក្រោយទទួលតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ តាំងពីឆ្នាំ២០១៦មកដល់ថ្ងៃឃាត់ខ្លួន លៀម ប៊ុនរឿន បានប្រើប្រាស់ប្រាក់ដែលជាផលនៃបទល្មើសក្នុងការជួសជុលផ្ទះ៤ម៉ឺនដុល្លារ និងទិញផ្ទះពីរកន្លែង មួយកន្លែងតម្លៃ ១៦៨.០០០ដុល្លារ និងមួយកន្លែងទៀត ៧២.០០០ដុល្លារ, ទិញដីមួយកន្លែង ៤៤.០០០ដុល្លារ ហើយសាងសង់ផ្ទះត្រចៀកកាំអស់ ៤០.០០០ដុល្លារទៀត, ដូរឡាន LEXUS 570 ទិញឡាន KIA PICANTO ដើម្បីទុកដាក់ប្រាក់ពីផលបទល្មើសរបស់ខ្លួន ។

គូសបញ្ជាក់ថា ថ្នាក់ដឹកនាំមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ក្នុងនោះ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដី សរុប៣នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចុះទៅឃាត់ខ្លួននៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ កក្កដា ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដីដោយខុសច្បាប់ចំនួន១០ម៉ឺនដុល្លារជាថ្នូរនឹងការចេញច្បាប់ឱ្យសាងសង់ ។ មន្ត្រីទាំងបីរូប រួមមាន ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់, ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់ និងឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក ៕