ក្រសួងមហាផ្ទៃដាក់វិន័យលោក អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល ជាការព្រមានលើកទី១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 August, 2019 ក+ ក-

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង សម្រេចដាក់វិន័យ “ព្រមានលើកទី១” ដោយអះអាងថា ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ការសម្រេចដាក់វិន័យនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីសំណាក់ជនដែលអះអាងថា ជាមន្ត្រីក្របខណ្ឌនគរបាលខេត្តកណ្ដាលចំនួន៥០រូប បានផ្ដិតមេដៃប្តឹងទៅក្រសួងមហាផ្ទៃ ដោយបានចោទថា លោក អ៊ាវ ចំរើន បានប្រើអំណាចផ្តាច់ការ ធ្វើបាបកូនចៅថ្នាក់ក្រោម និងប្រព្រឹត្តអំពើពុករលួយ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖ «គាត់ (លោក អ៊ាវ ចំរើន) មិនមែនអាក្រក់ទាំងអស់ទេ គាត់ក៏មានគុណសម្បត្តិរបស់គាត់ដែរ តែដោយសារមានការធ្វេសប្រហែស ធ្វើឲ្យមានបញ្ហាខ្លះក្នុងការបញ្ជាដឹកនាំ ដូច្នេះហើយត្រូវតែពិន័យ និងព្រមានគាត់ខ្លះ»។

លោក ឆាយ គឹមខឿន បានឆ្លើយប្តាប់បណ្តាញព័ត៌មានក្នុងស្រុកថា ៖ « បន្ទាប់ពីការព្រមានមក យើងតាមអង្កេតមើលថាតើ គាត់កែប្រែ ឬអត់? ហើយបើគាត់មិនកែប្រែ ចូលដំណាក់កាលទី២ ត្រូវដកហូតតំណែង ឬយ៉ាងម៉េចទៅតាមកំហុសរបស់គាត់»។

សូមជម្រាបថា ការសម្រេចដាក់វិន័យនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺនៅក្រោយពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានស្នើឲ្យអនុវត្តវិន័យក្រោមរូបភាព “ព្រមានលើកទី១” ចំពោះឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដោយមូលហេតុ “ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ”។

គួររំឭកថា កាលពីចុងខែឧសភា ក្រសួងមហាផ្ទៃបានកោះហៅស្នងការរងនគរបាលខេត្តកណ្តាលចំនួន៦រូបឲ្យចូលទៅបំភ្លឺ រួមមានលោក រឿន ណារ៉ា លោក វ៉ែន សុវិន លោក ចាន់ សាវឿន លោក តុប សុវណ្ណ លោក សេង គីមឃន និងលោក ឈឿន សុចិត្ត ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកស្នងការរូបនេះ បានប្រើអំណាចផ្ដាច់ការ ធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពផ្សេងៗរហូតដល់១៦ករណី៕