ម្ចាស់អគារទ្រេត និងប្រេះ នៅក្រុងព្រះសីហនុស្ម័គ្រចិត្តកម្ទេចចោលដោយខ្លួនឯង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2019 ក+ ក-

ក្រុងព្រះសីហនុ ៖ ម្ចាស់អគារកម្ពស់៩ជាន់ជាជនជាតិចិន ដែលទ្រេត និងប្រេះ បានស្ម័គ្រចិត្តវាយកម្ទេចចោលដោយខ្លួនឯង បន្ទាប់ពីត្រូវអាជ្ញាធរប្រកាសពីការរកឃើញថា បានស្រុត និងមានស្នាមប្រេះ បង្កឲ្យមានគ្រោះថ្នាក់។ នេះបើតាមការបញ្ជាក់របស់លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។

សូមជម្រាបថា ក្រោយពេលមានការផ្សព្វផ្សាយពីករណីអគារទ្រេត និងប្រេះរួចមកភ្លាមៗ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានហៅជនជាតិចិនជាម្ចាស់អគារនោះ ទៅជួបពិភាក្សា ហើយបានបង្គាប់ឲ្យកម្ទេចវាយចោលជាបន្ទាន់ ដើម្បីចៀសវាងការកើតឧបទ្ទវហេតុ ដូចធ្លាប់ជួបកន្លងមក។ ក្នុងឱកាសនោះ ម្ចាស់អគារនោះ បានយល់ព្រមហើយ ថានឹងរុះរើអគាររបស់គាត់ដោយខ្លួនឯង ក្នុងពេលឆាប់ៗនេះ។

អ្នកនាំពាក្យ ពុំទាន់បានទទួលព័ត៌មានលម្អិតឡើយថា អគារនោះ មានកម្ពស់ប៉ុន្មានម៉ែត្រ និងចំណាយថវិកាអស់ប៉ុន្មាន។ ប៉ុន្តែ លោក បញ្ជាក់ថា អគារនោះ ត្រូវបានសាងសង់រួចរាល់ហើយ នឹងបានជួលឲ្យគេបណ្តើរៗ ក្នុងការបើកអាជីវកម្ម និង ហាងលក់ដូរផ្សេងៗ រួមទាំងមានបន្ទប់ស្នាក់នៅផងដែរ។

ចំពោះចំណាត់ការផ្លូវច្បាប់លើម្ចាស់អគារ លោក ឃាង ភារុំ មិនអត្ថាធិប្បាយ។ លោក បកស្រាយថា៖«យើងគ្រាន់តែណែនាំគាត់ឲ្យរុះរើអគារ ចំណែកនីតិវិធីបន្ត គឺអាស្រ័យលើស្ថាប័នមានសមត្ថកិច្ច»។

គួររំឭកថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ មន្ទីររៀបចំដែនដី បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបង្ហាញថា អគារ៩ជាន់នោះ ត្រូវបានក្រុមហ៊ុនឈ្មោះ ឈួនរិន ខនស្រ្តាក់សិន អេនជីនារីង (ខេមបូឌា) សាងសង់ឡើង ដោយគ្មានលិខិតអនុញ្ញាត និងខុសបទដ្ឋានបច្ចេកទេស៕