ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ៖ និយោជកកូរ៉េ ពេញចិត្តនឹងអត្តចរិត ការងាររបស់ពលករខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2019 ក+ ក-

ភ្នំពេញ ៖ ភាពអត់ធ្មត់ព្យាយាមនឹងការងារ គួបផ្សំនឹងអត្តចរិតស្លូតបូតល្អរបស់ពលករកម្ពុជា ដែលទៅបំរើការងារនៅសាធារណរដ្ឋកូរ៉េ ទទួលបាននូវការកោតសរសើរយ៉ាងពេញទំហឹង ពីសំណាក់និយោជក និងថ្នាក់ដឹកនាំនៃប្រទេសកូរ៉េថែមទៀតផង។

ការកោតសរសើរ និងការពេញចិត្តនេះ ត្រូវបានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក អូ ណាក់យ៉ុង លើកឡើងនៅក្នុងពេលជូនដំណើរពលករកម្ពុជា ផ្នែកឧស្សាហកម្មចំនួន ៣២នាក់ ចេញទៅបំរើការងារនៅសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការជូនដំណើរនេះក៏មានការចូលរួមពីសំណាក់ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ថ្លែងសំណេះសំណាលមុនពេលចេញដំណើរ ឯកឧត្តម អូ ណាក់យ៉ុង បានផ្ដាំផ្ញើដល់ពលករកម្ពុជា ក្នុងពេលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ប្រសិនបើមានបញ្ហាណាមួយ សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលគាំពារពលករបរទេស ដែលប្រចាំការនៅទីនោះស្រាប់ ដើម្បីដោះស្រាយបញ្ហានានា ដែលកើតមានក្នុងពេលបំពេញការងារ ។

ឯកអគ្គរដ្ឋទូតអះអាងថា នឹងខិតខំជំរុញរដ្ឋាភិបាលកូរ៉េ ឱ្យជួយបង្កើនកូតាទទួលពលករកម្ពុជា ឱ្យទៅធ្វើការនៅកូរ៉េឱ្យបានកាន់ច្រើនថែមទៀត។ មកដល់ពេលបច្ចុប្បន្ន ពលករបរទេសដែលធ្វើការនៅសាធារណរដ្ឋកូរ៉េមានចំនួន១៦ប្រទេស ក្នុងនោះចំនួនពលករកម្ពុជា ពិតជាមានកើនឡើងកាន់តែច្រើន ក្នុងចំណោមពលករបរទេសដទៃទៀត។

ជាមួយគ្នានោះ លោក ហេង សួរ ក៏បានផ្ដាំផ្ញើដល់ពលករទាំងអស់ថា ត្រូវប្រឹងប្រែងតស៊ូអត់ធ្មត់នឹងការងារ ប្រសិនបើចង់ផ្លាស់ប្ដូរការងារ ត្រូវជួបប្រឹក្សាយោបល់ ជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលនៅជិតកន្លែងការងារ ពីព្រោះបើផ្លាស់ប្ដូរការងារដោយចិត្តឯង អាចឈានដល់ការប្រព្រឹត្តខុសកិច្ចព្រមព្រៀង ក៏ដូចជាអាចប្រឈមនឹងបញ្ហានានា។

ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវការជឿជាក់ថា ពលករកម្ពុជាទាំងអស់ នឹងរក្សាបាននូវភាពថ្លៃថ្នូរ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ សុវត្ថិភាព ក្នុងការរស់នៅ និងការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ។

លោករដ្ឋលេខាធិការ បានឱ្យដឹងទៀតថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្រមាណជាង៦ម៉ឺននាក់ភាគច្រើនធ្វើការលើផ្នែកឧស្សាហកម្ម កសិកម្មនិងសំណង់។បើតាមកូតាដែលសាធារណរដ្ឋកូរ៉េផ្ដល់ឱ្យកម្ពុជា ឆ្នាំ២០១៩នេះ ទទួលបានចន្លោះពី ៤,០០០ទៅ៤,៥០០នាក់ បន្ថែមទៀត»។

ឯកឧត្តម ហេង សួរ បញ្ជាក់ទៀតថា នៅសាធារណរដ្ឋកូរ៉េ មានប្រព័ន្ធគ្រប់គ្រងពលករបរទេសយ៉ាងល្អ ដោយសារនៅទីនោះ មានមជ្ឈមណ្ឌលគាំពារពលករបរទេសមិនតិចជាង៤០កន្លែងឡើយ ហើយនៅក្នុងមជ្ឈមណ្ឌលទាំងនោះ តែងតែមានអ្នកចេះភាសារបស់ពលករ នៃប្រទេសនីមួយៗ តួយ៉ាងសម្រាប់ពលករកម្ពុជា គឺមានអ្នកចេះភាសាខ្មែរ នៅប្រចាំការក្នុងមជ្ឈមណ្ឌលទាំងនោះ នៅពេលដែលពលករមានបញ្ហាណាមួយ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ពួកគេនឹងទទួលបានការជួយដោះស្រាយតែម្ដង។

ក្រៅពីមជ្ឈមណ្ឌលគាំពារពលករនេះ កម្ពុជាក៏មានទីប្រឹក្សាការងារទទួលបន្ទុកពលករចំនួន២នាក់ នៅប្រចាំការអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមជាមួយមន្ត្រីនៃគណៈកម្មាធិការបណ្តុះបណ្តាលនិងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រង់ចាំទទួលប្រឹក្សា និងជួយដោះស្រាយបញ្ហាការងារនៅសាធារណរដ្ឋកូរ៉េ៕