ប្រធានព្រឹទ្ធសភាកម្ពុជា ចាត់ទុកជំនួយរបស់ជប៉ុន មានអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម Hidehisa HORINOUCHI នៅក្នុងកម្ពុជា ពិតជាទទួលបានសមិទ្ធផលជាច្រើនដូចជាជំនួយឥតសំណង កម្ចីសម្បទាន និងជំនួយបច្ចេកទេស ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនហើយជំនួយទាំងនោះពិតជាមានអត្ថប្រយោជន៍ដ៏ធំធេង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ការកត់សម្គាល់នេះត្រូវបាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លើកឡើង នៅព្រឹកថ្ងៃទី១៤ខែសីហា ក្នុងពេលដែលអនុញ្ញាតឱ្យ ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោក Hidehisa HORINOUCHI បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនិងជម្រាបលានាពេលនេះ។

លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូត នៅ កម្ពុជា ឯកឧត្តមបានទទួលជោគជ័យ ក៏ដោយសារតែមានការគាំទ្រ ពីព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុនមានការរីកចម្រើន។

ជាមួយគ្នានេះ លោកបានសម្ដែងនូវសេចក្ដីរីករាយដោយឃើញថា សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើននិងអភិវឌ្ឍនយ៉ាងឆាប់រហ័សក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីជាឯកឧត្តមត្រូវទទួលតួនាទីថ្មី ជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់ ក៏ដោយ ក៏លោកនៅតែបន្តគាំទ្រ ទាំងស្មារតីនិងទំនាក់ទំនងល្អជាមួយនឹងប្រទេសកម្ពុជាដដែល។

នាឱកាសនោះ សម្តេចវិបុលសេនាភក្តីសាយឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនទាំងពីរឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។ ទន្ទឹមនឹងនេះលោកបានជំរុញឱ្យមានកំណើនវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌សិល្បៈកីឡាអប់រំជាពិសេសការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនការផ្លាស់ប្តូររវាងយុវជននិងយុវជនដ៏ទូលំទូលាយ។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា លោកនិងស្ថានទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អ ជាមួយនឹងថ្នាក់ដឹកនាំមន្រ្តីគ្រប់លំដាប់ថ្នាក់និងជាមួយនឹងក្រសួងស្ថាប័នអាជ្ញាធរខេត្តក្រុងជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់បំផុតចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជននិងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ទំនាក់ទំនងល្អនេះស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងមន្រ្តីជាន់ខ្ពស់គ្រប់កម្រិតជាញឹកញាប់៕