បង្ក្រាបទ្រង់ទ្រាយធំចាប់ចិន ១២៧នាក់ នៅខេត្តព្រះសីហនុ ​រឿងជម្រិតទារប្រាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2019 ក+ ក-

ខេត្តព្រះសីហនុ ៖ ក្រុមសង្គមងងឹតជាជនជាតិចិនចំនួន១២៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការតាមបង្ក្រាបបានជាបន្ដបន្ទាប់នៅទីតាំងផ្សេងពីគ្នា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែត (VOIP) ដែលពួកគេប្រព្រឹត្តនៅខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ថា ការចាប់ខ្លួនក្រុមជនជាតិចិន ជាង១០០នាក់ នេះ គឺពីគោលដៅ នៅសង្កាត់លេខ២ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋានរបស់លោក សហការនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលចិន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

មន្រ្តីរូបនេះ បានបញ្ជាក់ថា ទីតាំងទី១ នៅអគារ៥ជាន់ ស្ថិតក្នុងក្រុម២៦ ភូមិ២ សង្កាត់០៤ ក្រុងព្រះសីហនុ បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យចំនួន១១៧នាក់ ស្រី០៩នាក់។ ក្នុងនោះត្រូវតាមដីកា ចំនួន៥៣នាក់ អត់ត្រូវតាមដីកា ស្រី១២នាក់។ ទីតាំងទី២៖ វីឡាតឿរ៉ូយ៉ាល់ព្រីនសេស អាសយដ្ឋានក្រុម៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន១៥នាក់ ស្រី០២នាក់។

បច្ចុប្បន្នកំពុងរៀបចំឯកសារដើម្បីបញ្ជូន ជនសង្ស័យទាំង១២៧នាក់នេះ Tទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕