មូលហេតុដែលនាំឲ្យលុបការឈប់សម្រាកថ្ងៃ២៣តុលា និងថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានពន្យល់ពីមូលហេតុ ដែលរាជរដ្ឋាភិបាលកាត់ថ្ងៃ២៣ តុលា និងថ្ងៃទិវាសិទ្ធិមនុស្ស ១០ធ្នូ ចេញពីប្រតិទិនឈប់សំរាក ដោយសារថ្ងៃ២៣ តុលាលែងក្លាយជាព្រឹត្តិការណ៏សំខាន់សំរាប់កម្ពុជាទៀតហើយ ត្បិត២៣ តុលា បានរលាយធាតុចូលទៅក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាមិនត្រូវការបរទេសណា មកជ្រៀតជ្រែកដោះស្រាយបញ្ហាផ្ទៃក្នុងកម្ពុជាអ្វីទៀតទេ។

នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៏របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាលកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ សីហានេះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថ្ងៃ២៣ តុលាមានលក្ខណៈជាអន្តរកាលប៉ុណ្ណោះសម្រាប់ដោះ ស្រាយបញ្ហានៅកម្ពុជាប៉ុណ្ណោះ ប៉ុន្តែកម្ពុជាបច្ចុប្បន្នមិនមានសង្គ្រាម និងបែក បាក់គ្នាដូចពីមុននោះទេ។ ដូច្នោះការលុបចោលថ្ងៃ២៣ តុលាពីប្រតិទិនឈប់ សំរាកមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ។ បើតាមអ្នកនាំពាក្យ សកម្មជនបក្ស ប្រឆាំងបានយកថ្ងៃទី២៣ តុលានេះ គឺបំណងហៅបរទេសមកចូលជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់កម្ពុជាប៉ុណ្ណោះ។ ការរំលឹកពីកិច្ចព្រមព្រៀងទីក្រុងបារីស គ្រាន់តែសុបិន្តបកថយក្រោយ តែការរំលឹកពីទិវារដ្ឋធម្មនុញ្ញទៅវិញទេ ដែល ជាអ្វីដែលយើងត្រូវរំលឹក ដើម្បីពង្រឹងសិទ្ធិ និងជោគវាសនារបស់ជាតិ។

ពាក់ព័ន្ធទៅនឹងការដកចេញទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ពីប្រតិទិនឈប់សំរាកប្រចាំឆ្នាំ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលបានបន្យល់ថា កម្ពុជាមិនមែនផ្តោតសំខាន់តែទៅលើថ្ងៃ១០ ធ្នូ ដើម្បីនិយាយពីការគោរពសិទ្ធិមនុស្សនោះទេ ព្រោះរាជរដ្ឋាភិបាលបានប្រកាន់យកការគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន។ ពិសេសបង្កើតឲ្យមានមេធាវីការពារក្តី និងរកយុត្តិធម៌សម្រាប់ស្ត្រីក្រី និងពលរដ្ឋក្រីក្រថែមទៀត។

គួរបញ្ជាក់ថា កាលពីសប្តាហ៏មុន រាជរដ្ឋាភិបាលបានចេញអនុក្រិតស្តីពីប្រតិ ទិនឈប់សំរាកការងាររបស់មន្ត្រីរាជការ កម្មករ និយោជិតឆ្នាំ២០២០ ដោយ បានកាត់ចំនួនថ្ងៃឈប់សំរាកពី២៨ថ្ងៃ មកត្រឹម២២ថ្ងៃ ដោយចំថ្ងៃសន្ធិសញ្ញា ទីក្រុងប៉ារីស ២៣ តុលា ទិវាសិទ្ធិមនុស្ស ១០ ធ្នូ និងថ្ងៃផ្សេងទៀត។ ការលុប ចោលថ្ងៃឈប់សំរាកទាំងពីរ បានធ្វើឲ្យសកម្មជនគណបក្សប្រឆាំងមួយចំនួន និងអ្នកការពារសិទ្ធិមនុស្ស មិនពេញចិត្ត និងស្នើឲ្យរាជរដ្ឋាភិបាលពិនិត្យឡើង វិញចំពោះការកាត់ថ្ងៃឈប់សំរាកនេះ៕