ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ត្រូវបានបញ្ជូនទៅតុលាការបន្ទាប់ពីឆែកឆេរលំនៅដ្ឋាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2019 ក+ ក-

ខេត្តក្រចេះ ៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងបញ្ជូនឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ម្នាក់ ទៅកាន់តុលាការខេត្តក្រចេះហើយ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។

បើតាមមន្រ្តីគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបញ្ជាក់ថា ឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សម្រេចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីសួរនាំពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ។ បន្ទាប់ពីឃាត់ខ្លួននេះ ពេញមួយព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននាំខ្លួន ឧកញ៉ា គង់ ក្រឹង នាំមកឆែកឆេរលំនៅឋានរបស់គាត់ នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីស្វែងរកវត្ថុតាងថ្មីបន្ថែមទៀត។

សូមជម្រាបថា ឧកញ៉ា គង់ ក្រឹង និងជាមន្ត្រីយោធាម្នាក់ផង ដែលល្បីខាងមុខជំនួញឈើនៅតំបន់ ភាគឦសានប្រទេសកម្ពុជា រួមនិងកូនប្រសារប្រុសរបស់គាត់ម្នាក់ទៀត ត្រូវបានឃាត់ខ្លួនក្រោយពីកោះហៅឲ្យចូលខ្លួននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដើម្បីសាកសួរ ពាក់ព័ន្ធបទល្មើសព្រៃឈើ នៅក្នុងខេត្តក្រចេះ។

អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី បានបញ្ជាក់ថា ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមានជនសង្ស័យម្នាក់គឺ ឧកញ៉ា គង់ ក្រឹង និងកូនប្រសារប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ ម៉ាត់ ណាស៊ាត នៅនឹងទីបញ្ជាការអាវុធ ហត្ថខេត្ដក្រចេះ តែម្តង។

លោក អេង ហ៊ី បន្តថា សមត្ថកិច្ចកំពុងផ្តោតលើការស៊ើបអង្កេតជនជាប់សង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើ ទាំងអស់ឲ្យបានហ្មត់ចត់ ដើម្បីចាប់ខ្លួនពួកគេមកដាក់ពន្ធនាគារតាមច្បាប់ ព្រោះពួកគេ ទាំង អស់នេះ បានចំណេញថវិកាពីការរកស៊ីជួញដូរព្រៃឈើយ៉ាងច្រើន។ ម្យ៉ាងវិញទៀត ចំពោះមន្ត្រីទទួលបន្ទុកការពារព្រៃឈើតាមតំបន់នានានៅតាមបណ្តាខេត្តទូទាំងប្រទេស ក៏មិនអាចលើក លែងឲ្យបានដែរ ព្រោះពួកគេបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនក្នុងផ្លូវរដ្ឋ បង្កលក្ខណៈងាយស្រួលឲ្យមានបទល្មើសបំផ្លាញព្រៃឈើ។

យ៉ាងណាក៏ដោយ លោក មេធាវី សុក សំអឿន បានបញ្ជាក់ថា វត្ថុតាងទាំងអស់ គេអាចដុត ឬបំផ្លាញចោលបាន លុះត្រាតែមានដីកាពីតុលាការចេញជាស្ថាពរ ឬអនុញ្ញាត ប្រសិនគេរកឃើញថា វត្ថុតាងទាំងអស់នោះមានសារធាតុគីមី សារធាតុពុល និងប៉ះពាល់ដល់សុខភាពមនុស្ស៕